ប្រធានាធិបតីហ្វីលីពីនព្រមានបិទទីតំាងរុករករ៉ែនៅទូទំាងប្រទេស បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង មំាងឃុត
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយអះអាងថា រូបលោកចង់បញ្ឈប់ប្រតិបត្តិការរុករករ៉ែនានានៅទូទំាងប្រទេស ក្រោយហេតុ ការណ៍រអិលបាក់ដីបានផ្តាច់ជីវិតកម្មកររុករករ៉ែយ៉ាងហោចណាស់ ៣៣ នាក់ និង២៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងខេត្ត Benguet តែមួយប៉ុណ្ណោះ ។
លោក ឌូទើតេ បានថ្លែងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមការងារឆ្លើយតបនឹងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលនៅក្នុងខេត្ត Benguet ពីរថ្ងៃក្រោយព្យុះទីហ្វុងដ៏មហិមារ មំាងឃុត វាយប្រហារយ៉ាងសង្គ្រាប់លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ជាមួយគ្នានេះ លោក ឌូទើតេ បានទទួលស្គាល់ប្រាក់ចំណូលដែលមានចំនួនប្រមាណ៧០ប៊ីលានប៉េសូ ឬស្មើនឹង១.៣ប៊ីលានដុល្លារអាមេរិក ដែលរកបានតាមរយៈឧស្សាហកម្មរ៉ែ ប៉ុន្តែបានសួរថាតើវាមានតម្លៃសិក្តសមនឹងការខូចខាត ដែលបណ្តាលមកពីការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ឬយ៉ាងណា ។ ជុំវិញបញ្ហានេះដែរ រដ្ឋលេខាធិការធនធានធម្មជាតិ និងបរិស្ថានហ្វីលីពីន លោក Roy Cimatu បានថ្លែងប្រាប់ក្នុងសិន្នសិទសារព័ត៌មានមួយថា រូបលោកបានដាក់ចេញនូវបទបញ្ជាអោយបញ្ឈប់ និងបិទដំណើរការប្រតិបត្តិការរុករករ៉ែខុសច្បាប់ទំាងអស់នៅលើកោះ Luzon ដោយយោងលើស្ថានភាពបច្ចុប្បន្ន ខណៈរូបលោកក៏ចេញបញ្ជាអោយយោធា និងប៉ូលិសចូលរួមនៅក្នុងប្រតិបត្តិការនេះដែរ ។ គួរបញ្ជាក់ថា មំាងឃុត គឺជាព្យុះខ្លាំងក្លាទី១៥ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិនដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាសអាសន្នកម្រិតកំពូលតែម្តង ៕