អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការចំពោះម្ចាស់ទីតាំងអេតចាយ ដែលគរសម្ភារអេតចាយលើចិញ្ចើមផ្លូវនៅភូមិទំនប់រលក សង្កាត់លេខ១
គំនរអេតចាយលើទីតាំងចំនួន០២ នៅតាបណ្តោយផ្លូវបេតុងប្របមាត់សមុទ្រនៅចំណុចភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានគេដឹងថា ម្ចាស់ទីតាំងបានយកចិញ្ចើមផ្លូវ សម្រាប់ដាក់គរកម្ទេចកម្ទីអេតចាយនៅទីនេះជាយូរឆ្នាំកន្លងមកហើយ។ បញ្ហានេះ ប្រជាពលរដ្ឋបានត្អូញត្អែរជាបន្តបន្ទាប់ ព្រោះវាបានបណ្តាលឲ្យខូចសណ្តាប់ធ្នាប់ ចង្អៀតផ្លូវ ស្ទះចរាចរណ៍គ្មានលោះថ្ងៃណាឡើយ ជាងនេះទៀតធ្វើឲ្យខូចសោភណ្ឌភាពក្រុងទេសចរណ៍យ៉ាងផងដែរ។
ករណីនេះ សារព័ត៌មានមួយចំនួនក៏បានចុះផ្សាយជាបន្តបន្តាប់ដើម្បីជំរុញឲ្យអាជ្ញាធរបានដឹង និងមានវិធានការសមស្របណាមួយ។ ប៉ុន្តែទោះជាយ៉ាងណាម្ចាស់ទីតាំងគំនរអេតចាយនេះ នៅតែប្រើប្រាស់ទីនេះ សម្រាប់ស្តុកអេតចាយរបស់ខ្លួនដដែល។ តើមានមូលហេតយអ្វីនៅពីក្រោយរឿងនេះបានជាអាជ្ញាធរក្រុងព្រះសីហនុ មិនអាចដោះស្រាយរឿងនេះឲ្យមានប្រសិទ្ធភាព?
ឆ្លើយតបចំពោះបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ទីតាំងនេះ រដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យយកចេញរួចហើយដែរ។ នៅសប្តាហ៍ក្រោយនេះក្រុងនឹងយកគ្រឿងចក្រចុះសម្អាតទីតាំងគំនរអេតចាយទាំងនេះ និងរំដោះចិញ្ចើមផ្លូវ ដែលនឹងគ្រោងរៀបការ៉ូឡាសម្រាប់ទុកឲ្យអ្នកថ្មើរជើងប្រើប្រាស់។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ លោកអភិបាលក្រុងព្រះសីហនុ បានចេញប្រតិវបត្តិការរៀបចំសណ្តាប់ធ្នាប់តាមទីតាំងជាច្រើនកន្លែងក្នុងក្រុង។ ប្រតិបត្តិការនេះ បានវាយកម្ទេចសំណង់រំលោភផ្លូវសាធារណៈបានជាច្រើនកន្លែង និងចាប់រថយន្តដែលចតគ្មានសណ្តាប់ធ្នាប់អនាធិបតេយ្យតាមដងផ្លូវបានជាច្រើនគ្រឿងផងដែរ។ ជុំវិញបញ្ហាទាំងនេះ លោក អ៊ី សុខឡេង បង្ហាញជំហរថា នឹងធ្វើឲ្យបានដូចភ្លៀងរលឹម និងគ្មានការយោគយល់ឡើយចំពោះអំពើល្មើសច្បាប់ និងស្នើឲ្យទាំងអស់គ្នាត្រូវមានការចូលរួមសហការជាមួយអាជ្ញាធរក្រុងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងយើងទាំងអស់គ្នា៕ដោយៈ ខៀវ សាវ៉ុន