យុត្តិធម៌សម្រាប់រាជរដ្ឋាភិបាលកម្ពុជា
កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រី អង់ហ្សែឡា ម៊ែរគែល បានផ្ញើសារអបអរសាទរមួយមកជូនសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យនៅក្នុងនីតិកាលទី៦នេះ ដោយលោកស្រីអធិការបតីប្រទេសអាល្លឺម៉ង់នេះ បានគូសបញ្ជាក់ពីការធ្វើសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
ការសរសេរលិខិតអបអរសាទរចំពោះការឡើងកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងនីតិកាលទី៦នេះ គឺជាការបញ្ជាក់ពីជោគជ័យនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ទោះបីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុបមិនបានបញ្ជូនអ្នកសង្កេតការណ៍មកតាមដានត្រួតពិនិត្យដំណើរការបោះឆ្នោតក៏ដោយ។ ដូច្នេះ ការផ្ញើសារអបអរសាទរចំពោះសម្តេចនាយករដ្ឋមន្ត្រីថ្មី គឺជាការយល់ព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដោយស្វ័យប្រវត្តិ។ បើប្រមុខប្រទេសអាល្លឺម៉ង់ទទួលស្គាល់ការបោះឆ្នោត ក៏ដូចជាបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ទទួលស្គាល់លទ្ធផលបោះឆ្នោតដែរ ។
ការផ្ញើសារអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់មេដឹកនាំប្រទេសមហាអំណាចនៅក្នុងសហគមន៍អឺរ៉ុបនាពេលនេះ គឺជាការផ្តល់យុត្តិធ៌មឲ្យប្រជាជនកម្ពុជាយ៉ាងជាក់ស្តែង មិនអាចប្រកែកបានឡើយ៕
ដោយៈ សុខ ឥសាន