ពិធីបញ្ចុះបឋមសិលាសាងសង់ស្តូបវិមានឯករាជ្យ ដែលជាសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ នៅឧទ្យានសែនមនោរម្យ អតីតអាកាសយានដ្ឋានចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ក្រោមអធិបតី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការសាងសង់វិមានឯករាជ្យនៅឧទ្យានសែនមនោរម្យ ដែលជាប្រវត្តិសាស្រ្តមួយ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរណ៍ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឱ្យកាន់ តែមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យនេះ ចំណាយថវិកាប្រមាណជាង៥០ម៉ឺនដុល្លារ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងជំរុញដល់មន្ទីរអង្គភាព ក៏ដូចជាវិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម សហការគ្នា សាងសង់វិមានឯករាជ្យនេះ ឱ្យទទួលបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ ហើយបន្តអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត។
លោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ បានឱ្យដឹងថា ការសាងសង់វិមានឯករាជ្យ គឺមានទំហំផ្ទៃរង្វង់ចំនួន៥៨ម៉ែត្រ កម្ពស់២៤ម៉ែត្រ សាងសង់ដោយក្រុមជាងសំណង់បែបបុរាណ។ សូមបញ្ជាក់ថា ឧទ្យានសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ សាងសង់លើផ្ទៃដីទំហំប្រមាណជា២០ហិកតា និងមានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ មានកន្លែងហាត់ប្រាណ កន្លែងតាំងពិពរណ៌-ល- និងរៀបចំលម្អឧទ្យាននេះ ដោយដាំស្មៅស្លាបទា ដាំដើមឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិចព្នង និងអត្តសញ្ញាណជាតិផងដែរ៕