ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអះអាង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ថា ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺ  រយៈពេលជាយូរមកហើយ។ លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល ក៏បានប្រកាសថា​ ក្រសួងសុខាភិបាល កំពុងគិតគូររៀបចំពិធីគោរពវិញ្ញាណក្ខន្ធសព​លោកសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត​ Beat Richner ដើម្បីសម្តែងនូវការគោរពចំពោះគាត់​ ដែលធ្លាប់បានជួយដល់កុមារកម្ពុជាកន្លងមក ពិធិគោរពវិញ្ញាណក្ខន្ធសពរបស់ ឯកឧត្តមសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត​ Beat Richner នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣រសៀល​។ ដោយឡែកនៅមន្ទីរពេទ្យគន្ធបុប្ផា​ ក៏មានរៀបចំពិធីគោរពវិញ្ញាក្ខន្ធគាត់នៅបណ្ណាល័យក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា ធ្វើនាំឲ្យប្រជាពលរដ្ឋខ្មែរនឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោក។ បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិត ចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។

ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ ក្រុមការងារអគ្គនាយកដ្ឋាន ទូរទស្សន៍ និងវិទ្យុអប្សរា ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកបិតាស្ថាបនិក គន្ធបុប្ផា ដែលជាបេះដូងរបស់ប្រជាជនកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner