សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជន
កំពង់ឆ្នាំង៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ៩:០០ព្រឹក ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងក្រុមការងារបាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន៤លានរៀល រួមជាមួយថវិកាឯកឧត្តម ត្រាំ អ៊ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនចុះជួយខេត្តកំពង់ឆ្នាំងចំនួន ២០០,០០០៛ និងថវិកាលោកអភិបាលស្រុកកំពង់លែងចំនួន១០០,០០០៛ ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនឈ្មោះ គឹម សារឿន ត្រូវជាប្រពន្ធ ឈ្មោះ សេក ហឿន (យោធិនពិការ) ដែលទទួលមរណភាព កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាយប់ ម៉ោង ៣:០០ ស្ថិតនៅភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះដែរ ឯកឧត្តម បាននាំយកនូវសាររំលែកទុក្ខ និងសម្តែងនូវការសោកស្តាយយ៉ាងពន់ពេក ដែលបាត់បង់នូវសមាជិកអតីតយុទ្ធជន ដែលធ្លាប់តស៊ូរំដោះប្រជាជន និងរំដោះទឹកដី នាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តម បានពន្យល់ពីគោលរបបរបស់សមាគម និងផលប្រយោជន៍មួយចំនួន ដែលគ្រួសារសពត្រូវទទួលបាន ក្រោយពីសមាជិកអតីតយុទ្ធបានទទួលមរណកាលទៅ។ ជាចុងបញ្ចប់ ក្រុមគ្រួសារសព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា សូមសម្តេចតេជោទទួលបាននូវជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងបន្តដឹកនាំប្រទេសជាតិ កាន់តែរីកចម្រើនបន្តទៀត និងសូមជូនពរឯកឧត្ដមអគ្គលេខាធិកាសមាគម ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារទាំងអស់ ដែលមានវត្តមាននាឱកាសពេលនេះ ជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕