ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបបង្ហាញក្តីព្រួយបារម្ភខ្ពស់ ជុំវិញបញ្ហាសង្គ្រាមនៅស៊ីរី និងសកម្មភាពយោធារុស្ស៊ីទៅលើខេត្តអ៊ីដលីប

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ជុំវិញសកម្មភាពយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលស៊ីរី និងរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ។
ប្លុកនេះ ត្រូវបានគេហៅថា អ៊ីយូ៨ (EU8) ដែលបែងចែកជាប្រទេស៨ ក្នុងនោះរួមមានបារំាង អង់គ្លេស ហូឡង់ ស៊ុយអ៊ែត ប៉ូឡូញ ប៊ែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី ហើយ៥ប្រទេសដំបូង គឺជាសមាជិកក្រុមប្រឹក្សាសន្តិសុខពេញសិទ្ធិ និង២ប្រទេសទៀតកំពុងត្រៀមខ្លួនចូលជាសមាជិក ចំនែកឯអ៊ីតាលីនិង ហូឡង់ជាប្រធានក្នុងអង្គជំនុំជម្រះ ។
គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុប បានកើតឡើងក្រោយពេលប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយថា កងកម្លំាងរដ្ឋាភិបាលស៊ីរី កំពុងត្រៀមខ្លួនវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកខេត្តអ៊ីដលីប ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រឆំាងរដ្ឋាភិបាល ហើយបើការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះកើតឡើង នោះជីវិតជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់នឹងត្រូវបានសម្លាប់ ខណៈមានការព្រួយបារម្ភអំពីការប្រើប្រាស់អាវុធគីមីផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner