រដ្ឋាភិបាលអាហ្សង់ទីនប្រកាសបិទក្រសួងជាងពាក់កណ្តាលចោល ដើម្បីកាត់ បន្ថយការចំណាយ
អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី បានប្រកាសថា រូប លោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះ លោកក៏បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មី លើវិស័យនាំចេញផងដែរ សំដៅបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ។
ប្រធានាធិបតីអាហ្សង់ទីនរូបនេះ បានទទួលស្គាល់ថា ចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញ គឺជាគំនិតមិនល្អប៉ុន្មានឡើយ ប៉ុន្តែវារឿងចាំបាច់សម្រាប់ស្ថាន ការណ៍បន្ទាន់ក្នុងពេលបច្ចុប្បន្ន ហើយថា អាហ្សង់ទីននាពេលនេះ កំពុងប្រឈមនឹង បញ្ហាអតិផរណាខ្ពស់ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៃតម្លៃលុយប៉េសូ ចាប់តាំងតែពីខែមករាដើមឆ្នាំរហូតមកទល់សព្វថ្ងៃ ។
ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ លោក ម៉ាគ្រី បានបន្ទោសទៅលើកត្តាខាងក្រៅជាច្រើន រួមមានទំាងការកើនឡើងនៃតម្លៃប្រេង ការដំឡើងអត្រាការប្រាក់របស់ ធនាគារកណ្តាលអាមេរិក និងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម ៕