ឯកឧត្តម ត្រាំ អ៊ីវតឹក ប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង បានប្រារព្ធបើក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និង ស្រុកកំពង់លែង ស្ថិតនៅក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
តាមរបាយការណ៍របស់ លោក ឡោ សាលីម អនុប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់លែង បានឲ្យដឹងថា តាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នេះ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាស្រុក សម្រេចបានជ័យជម្នៈគួរជាទីមោទនៈ ដោយមានការដឹកនាំ ណែនាំចង្អុលដ៏ឈ្លាសវៃរបស់ ឯឧប្រធាន ឯឧអនុប្រធានទី១ និងឯឧអនុប្រធានក្រុមការងារចុះជួយស្រុក ឯឧប្រធាន អនុប្រធាន និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក និងចុះជួយឃុំ ព្រមទាំងការខិតខំប្រឹងប្រែងពួតដៃគ្នាយ៉ាងស្អិតរមួត របស់មន្ត្រីគណបក្ស និងការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន ជាក់ស្តែងគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំឆ្នាំ២០១៧ យើងចាញ់៣ឃុំ មកឈ្នះទាំង៩ឃុំ និងធ្វើឲ្យសម្លេងគាំទ្រគណបក្សកើនឡើង៥៩៣៧សម្លេងបន្ថែមទៀត។
ឯឧ ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា កន្លងមកនេះ ថ្នាក់កណ្តាល បានដាក់នូវសន្ទស្សន៍សម្រាប់កៅអីតំណាងរាស្ត្រនៅខេត្តកំពង់ឆ្នាំង ៣លើ៤ តែឥឡូវនេះយើងទទួលបានលទ្ធផល៤លើ៤ គឺលើសផែនការ ហើយគ្រប់ខេត្តទាំងអស់ទូទាំងប្រទេស គឺសុទ្ធតែទទួលបានសន្ទស្សន៍១០០%ទាំងអស់ ដូច្នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានប្រកាសជាស្ថាពរហើយ និងបានបិទផ្លូវតវ៉ាជាស្ថាពរហើយ ដែលលទ្ធផលជាស្ថាពរ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានកៅអីនៅរដ្ឋសភា១២៥លើ១២៥ ៕