ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌសែនសុខ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យបន្ថែម ០១នាក់ ពាក់ព័ន្ធ ករណីករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខបុរីឈូកវ៉ា២ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី២២-០៦-២០២០ វេលាម៉ោង២០ និង៤០នាទីកន្លងទៅ ។
ជនសង្ស័យមានឈ្មោះ សុខ ភារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ឈ្មោះ ភូ ភារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកVIVO ។ សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BD-3320 របស់ជនសង្ស័យ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ
ដោយ ៖ ភារ៉ា និងប៊ុនធី