សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ នៅវិមានសន្តិភាព។ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ឱ្យដឹងថា ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ ក្រ-១ និងក្រ-២ នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។ ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស ។ 
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងទៀតថា បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ ទាំងក្រ-១ និងក្រ-២ មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារ ក្នុង១ខែៗ សម្រាប់ការបើកផ្តល់នេះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមជាអធិបតីនៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលជាកម្មវិធីត្រូវបានគិតគូរ និងរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងពេលដែលផលប៉ះពាល់ និងសភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនិងមិនមានភាពច្បាស់លាស់។
សម្ដេចបន្ថែមថា សម្រាប់កម្ពុជា ទោះបីជាយើងអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ក្នុងការទប់ស្កាត់ការឆ្លងក្នុងប្រទេស និងការនាំចូលជំងឺពីក្រៅប្រទេស តាមរយៈការដាក់ចេញនូវវិធានការម៉ត់ចត់ និងតឹងរឹងក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសេដ្ឋកិច្ចនិងសង្គមកម្ពុជានៅបន្តអូសបន្លាយ ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំ ហើយបានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិតក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍ ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ។
សម្ដេចតេជោ បញ្ជាក់ថា ជាក់ស្តែង នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន ៤ជុំរួចមកហើយ តាមរយៈការ អនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើនសន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភរយៈពេល ២ខែ សម្រាប់កម្មករ-បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រសហគ្រាស និងអាជីវកម្មទាំងអស់ ដើម្បីជួយស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ល។
សម្ដេចនាយករដ្ឋមន្រីនស បានមានប្រសាសន៍ថា ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងររាជរដ្ឋាភិបាល បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធីជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ ក្រ-១ និងក្រ-២ នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩។
ការដាក់ចេញនូវកម្មវិធីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាល បើហ៊ាននិយាយ គឺហ៊ានធ្វើ ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែងដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។
បន្ថែមលើនេះ សម្ដេចក៏បានរំលេចផងដែរថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជនក្នុងរយៈពេលដែលបងប្អូនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែយើងក៏ត្រូវតែចៀសវាងឱ្យបានផងដែរ នូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាល ទន្ទឹមនឹងការយកចិត្តទុកដាក់រៀបចំនិងដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមនេះបានរចនាដាក់ចេញនូវវិធានការជាប្រព័ន្ធប្រទាក់ក្រឡាគ្នាថែមទៀត រួមមានដូចជាការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន(Credit relief)ការបង្កើនសន្ទ-នីយភាព (Liquidity)នៅក្នុងទី-ផ្សារការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ពិសេសសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ការបង្កើនទំហំទុន និងពង្រីកវិសាលភាពនៃគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនិងគាំទ្រកសិករ និងការចែកគ្រាប់ពូជជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាដើម ដូចបានរំលឹកពីខាងលើ សំដៅបង្កលក្ខខណ្ឌអនុគ្រោះនិងអំណោយផលឱ្យប្រជាពលរដ្ឋបន្តខិតខំធ្វើការរកទទួលទានបន្ថែមទៀតតាមរយៈសកម្មភាពដាំដុះបន្លែបង្ការការចិញ្ចឹមសត្វពាហនៈ និងសកម្មភាពផលិតកម្ម ការកែច្នៃ និងអាជីវកម្មផ្សេងៗ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
សម្ដេចថា ការប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ នាពេលនេះ គូសរំលេចឱ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចផ្ទាល់ នឹងមិនទុកឱ្យពលរដ្ឋណាមួយ ត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់នោះទេ។ ជាមួយហេតុផលនេះ សម្ដេច សូមស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយភាពទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់ ហើយស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេស ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាននូវជំនួយសង្គមនាពេលនេះ ឬជំនួយផ្សេងទៀតនាពេលអនាគត។
ទន្ទឹមនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យបន្តខិតខំជំរុញអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ដែលមានស្រាប់ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមាន: របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជននិងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាលនិងរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀនដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្សមកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះ។
ជាមួយនេះ សម្ដេច ក៏សូមថ្លែងអំណរគុណសារជាថ្មីចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការគិតគូររៀបចំគោលនយោបាយ និងកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ។ សម្ដេចសង្ឃឹមថា ប្រាក់ឧបត្ថម្ភនេះ នឹងចូលរួមចំណែកជួយសម្រួលជីវភាពប្រជាពលរដ្ឋក្រីក្រនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការរក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner