ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាមចំនួន៣១៥ធុងដល់សាលាខណ្ឌដង្កោ ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ធុងសំរាមចំនួន៣១៥ធុង ជូនដល់សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ មានឱ្យដឹងថា «ការឧបត្ថម្ភធុងសំរាមរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជូនសាលាខណ្ឌដង្កោ គឺដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍។ យើងសង្ឃឹមថា ធុងសំរាមទាំងអស់នេះនឹងប្រែក្លាយបរិស្ថានក្នុងសហគមន៍របស់យើងទាំងអស់គ្នា ឲ្យកាន់តែមានសណ្តាប់ធ្នាប់ និងស្រស់ស្អាតជានិច្ច»។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានឧបត្ថម្ភធុងសម្រាមយ៉ាងច្រើនដល់សាលាខណ្ឌដង្កោនាពេលនេះ បានបង្ហាញឱ្យឃើញពីការចូលរួមក្នុងការសម្អាត និងទុកដាក់សម្រាមនៅក្នុងមូលដ្ឋានខណ្ឌទាំងមូល ។ លោកស្រីអភិបាល ផ្តាំផ្ញើដល់តាមបណ្តាផ្នែកពាក់ទាំងអស់ដែលត្រូវបានធុងសម្រាមទៅតាមអង្គភាពរៀងៗខ្លួន សូមថែរក្សា និងទុកដាក់ឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង ។

ជាមួយគ្នានេះ លោកស្រី គឹម ញឹប ក៏បានឱ្យសង្កាត់ចូលរួមផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យចូលរួមសំអាតនូវអនាម័យបរិស្ថាន និងទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីមូលដ្ឋានស្អាតមានអនាម័យ នាំមកនូវសុខភាពល្អ ពិសេសដើម្បីកម្ពុជាស្អាត និងមានពណ៌បៃតង ។

សូមបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០១៧ និង២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភធុងសំរាមសរុប២,៤៥០ធុង ក្នុងនោះធុងសំរាម១,២៥០ធុងជូនរាជធានីភ្នំពេញ ធុងសំរាម១,០០០ធុងជូនខេត្តសៀមរាប និងធុងសំរាម២០០ធុងទៀតជូនខេត្តកំពត។ សម្រាប់ធុងសំរាម៣១៥ធុង ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភក្នុងថ្ងៃនេះ សាលាខណ្ឌដង្កោនឹងដាក់ពង្រាយនៅតាមវត្តអារាម សាលាសង្កាត់ ប៉ុស្តិ៍អធិការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សាខាពន្ធដារ ការិយាល័យគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ របស់ខណ្ឌដង្កោ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner