លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលយុវជនចំនួន៥១៣រូប ជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការគណបក្សក្រុងកំពង់ឆ្នាំង បានរៀបចំនៅពិធីប្រកាសបញ្ចូលសមាជិកភាពគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង ដោយមានវត្តមានចូលរួមពីសំណាក់អស់លោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ជាប្រធានក្រុមការងារចុះជួយតាមសង្កាត់ ថ្នាក់ខេត្តចុះជួយសង្កាត់ គណបក្សសង្គាត់ ព្រមទាំង លោកនាយក លោកគ្រូ អ្នកគ្រូ លោកលោកស្រី នាងកញ្ញា ជាក្រុមបក្សភូមិ សមាសភាពទើបប្រកាសបញ្ចូលថ្មីចំនួន៥១៣រូប ស្រី២៧៨នាក់ មកពីវិទ្យាល័យព្រះសុរាម្រឹត ចំនួន៤២៨នាក់ ស្រី២៣០នាក់ និងវិទ្យាល័យក្រុងកំពង់ឆ្នាំងចំនួន៨៥នាក់ ស្រី៤៨នាក់ ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដែលពិធីនេះប្រារព្ធនៅទីស្នាក់ការគណបក្សខេត្ត។
តាមការបញ្ជាក់របស់លោកប្រធានគណបក្សក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាពិធីប្រកាសបញ្ចូលសមាជិកថី្មទាំង ៥១៣រូប អញ្ជើញមកពីវិទ្យាល័យក្រុងកំពង់ឆ្នាំង និងវិទ្យាល័យសុរាម្រិត មកសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និង បងប្អូនទើបគ្រប់អាយុសុំចូលជាសមាជិកថ្មី ដោយពួកគេយល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ អាចផ្ដល់សេចក្ដីសុខ និងសន្តិភាពដ៏រឹងមាំក្នុងការដឹកនាំ ប្រទេសជាតិទៅថ្ងៃអនាគត ។
បន្ទាប់ពីការអាន នូវសេចក្តីសម្រេចរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរួចមក គណៈអធិបតីបានធ្វើការប្រគល់នូវ សេចក្តីសម្រេចរបស់គណបក្សដល់សមាជិកថ្មីទាំង ៥១៣រូប និងការឡើងធ្វើការប្តេជ្ញាចិត្ត របស់តំណាងសមាជិកថ្មីរួចមក លោកជំទាវប្រធានក្រុមការងារ សមាជិកគណៈកម្មាធិការកណ្តាល បានមានប្រសាសន៍ថា បងប្អូនទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន គឺត្រូវមានភាពស្មោះត្រង់ និងប្រតិបត្ដិតាមគោលនយោបាយរបស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្សត្រូវសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់បំផុត ហើយត្រូវគោរពក្រមសីលធម៌ដែលគណបក្សប្រគល់ជូន ឲ្យបានជានិច្ច និង បន្តគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ដ្រី អាណត្តិក្រោយៗទៀត ព្រមទាំងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ ។
លោកជំទាវក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់បង ប្អូន និង ក្មួយៗ ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ។ ក្នុងនោះដែរលោកជំទាវ ក៏បានធ្វើការផ្សព្វផ្សាយផងដែរ នូវខ្លឹមសារនៃសេចក្តីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើការបកស្រាយ ពន្យល់ពីខ្លឹមសារ អត្ថន័យ និង លទ្ធផលរបស់មហាសន្និបាតផងដែរ ។ លោកជំទាវ បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ រឺឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលបរិយាកាសសង្គម។
ក្នុងនោះលោកជំទាវ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានក្រុង និងក្រុមការងារចុះជួយសង្កាត់ទាំងបួន ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ ឲ្យបានកាន់តែបានល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងក្រើនរំលឹកដល់ក្មួយៗ ជាសមាជិកគណបក្សថ្មី អំពីការបន្តរក្សាទំនាក់ទំនងរវាងគ្នា ទោះបីក្រោយបញ្ចប់ការសិក្សាបាក់ឌុបនេះក៏ដោយ និងបន្តសាមគ្គីភាពជានិរន្តភាព ការចែករំលែក ជួយគ្នាទៅវិញទៅមក ក្នុងស្មារតីក្រុមគ្រួសារបក្សតែមួយ ។ លោកជំទាវ បានបន្តផ្តាំផ្ញើរ ឲជួយផ្សព្វផ្សាយបន្ត និងធ្វើការអប់រំដល់ប្រជាពលរដ្ឋយើងអំពី សីលធម៌ សុជីវធម៌នៅក្នុងសង្គម ។
ជាចុងបញ្ចប់លោកជំទាវ បានជូនពរដល់អង្គពិធី ប្រធាន និងអនុប្រធានក្រុមការងារ សមាជិកសមាជិការ លោកគ្រូ អ្នកគ្រូអ្នកចូលរួមទាំងអស់ និងក្រើនរំលឹកអំពីការបង្ការការពារ ជម្ងឺកូវីដ១៩ និងប្រុងប្រយ័ត្នក្រែងមានគ្រោះទឹកជំនន់មកដល់ជាយថាហេតុ ៕









