សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាស ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅព្រឹកនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ–១៩ នៅវិមានសន្តិភាព នាទីស្តីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា យោងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រក្នុងកំលុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែ ចន្លោះពី១៦,០០០រៀល ទៅដល់ ១២ម៉ឺនរៀល។ ដោយឡែក កម្រិតសាច់ប្រាក់ដែលត្រូវ ឧបត្ថម្ភនេះធ្វើឡើងតាមប្រភេទជនក្រីក្រ ក្នុង កម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ៕ធ.ដ