ក្រុមហ៊ុនចំនួន០២ បានឧបត្ថម្ភអំណោយ ជាច្រើន ជូនដល់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីយកទៅជួយផ្គត់ផ្គង់ជីវ ភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ក្រុមហ៊ុនចំនួន២ បានឧបត្ថម្ភអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ជាច្រើន ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែងជួយដោះយស្រាយផ្គត់ផ្គង់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។ គ្រាដែលសកម្មភាពរបស់កម្លាំងនគរបាលរាជធានីភ្នំពេញនៅតែត្រៀមបន្តជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងតំបន់ទឹកលិចក្នុងរាជធានីភ្នំពេញ និងសកម្មភាពចែកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ និងសប្បុរសជននានាកំពុងធ្វើឡើង ក្នុងការចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ការជួបសំណេះសំណាលទទួលអំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុន ហ័រ ហ្សុងឌីង សេង អ៊ិនវេសម៉ិន(Hua zhong Ding seng Investment) លោក ខុក ស៊ុនលី និងតំណាងក្រុមហ៊ុន ភីក ឃែភីថលមេនេជឺមិន(Peak Capital Menagement)តំណាងដោយលោក Wen Xiao Yong។ ក្នុងនោះក្រុមហ៊ុនហ័រ ហ្សុងឌីង សេង អ៊ិនវេសម៉ិន(Hua zhong Ding Investment)ឧបត្ថម្ភអំណោយត្រីខ៥០កេសធំ, មី១០០កេសធំ,ទឹកត្រី២០០យួរ,ទឹកស៊ីអ៊ីវ២០០យួរ និងថវិកា១ម៉ឺន៥ពាន់ដុល្លារ។ ចំណែកក្រុមហ៊ុនភីក ឃែភីថលមេនេជរមិន(Peak Capital Menagement) ឧបត្ថម្ភអង្ករចំនួន០៦តោន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ម្ចាស់ក្រុមហ៊ុនទាំង២ខាងលើ ដែលបានផ្តល់នូវអំណោយទាំងនេះ ក្នុងការឆ្លើយតបលើកិច្ចការងារជួយសង្រ្គោះប្រជាពលរដ្ឋដែរកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ប្រកបទឹកចិត្តមនោសញ្ចេតនា អាណិតស្រលាញ់ប្រជាជនកម្ពុជា។ ឯកឧត្តម បានជម្រាបជូនតំណាងក្រុមហ៊ុនផងដែរ ខណៈដែលទឹកជំនន់ទឹកភ្លៀងបានជន់លិចនៅតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានចេញជួយសង្រ្គោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព និងគេចផុតពីការបាត់បង់អាយុជីវិត ខណៈនេះទឹកបានស្រកចុះបន្តិចវិញ។
ឯកឧត្តម ក៏បានជម្រាបជូនទៀតថា ទឹកជំនន់ទឹកភ្លៀងនេះមិនត្រឹមតែលិចលង់មួយផ្នែកនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ នៅតាមបណ្តាខេត្តមួយចំនួននៅភាគពាយព្យ និងភាគឦសាន ប្រទេសកម្ពុជា ក៏រងការជន់លិចផងដែរ។
តំណាងក្រុមហ៊ុនទាំង២ខាងលើ ក៏បានលើកឡើង និងចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយទឹកជំនន់ និងបង្ករការខូចខាតទ្រព្យសម្បត្តិ។ តំណាងក្រុមហ៊ុន ក៏បានសន្យាកៀរគរក្រុមហ៊ុនជាមិត្តមួយចំនួនទៀត ដើម្បីឧបត្ថម្ភជាអំណោយសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនេះ៕ វិច្ឆការ






