បង្ក្រាបផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជិត៦០០តោនក្នុងរយ:ពេល៩ខែ
ឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជិត៦០០តោនត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាបានក្នុងរយ:ពេល៩ខែឆ្នាំនេះ។ការបង្ក្រាបនោះគឺបានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត» នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា លេខាធិការដ្ឋាន បានបូកសរុបលទ្ធផលអនុវត្តន៍ការងារ របស់គណៈកម្មាធិការ ដោយបង្ហាញថា រយៈពេល ៩ខែ ឆ្នាំ២០២០ បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផល ដែលក្លែងក្លាយខុសច្បាប់ទូទៅ សរុបចំនួន ១៣៤ករណី ស្មើនឹងចំនួន ៥៩៤.៦៥តោន។
កម្ពុជាក្នុងមួយឆ្នាំៗបានរងការខាតបង់ច្រើនលានដុល្លារដោយសារទំនិញក្លែងក្លាយនិងខូចគុណភាព។ ទំនិញ ក្លែងក្លាយដែលមិនមានសុវត្តិភាព ត្រូវគេឃើញបានយកមកលក់ក្នុងទីផ្សារក្នុងស្រុកមួយចំនួនក្រោមស្លាកថា ផលិតមកពីប្រទេសជប៉ុន…ប្រទេសចិន…ប្រទេសបារាំងឬសហរដ្ឋអាមេរិក ជាដើម… ប៉ុន្តែមន្ត្រីជំនាញក្រសួង មហាផ្ទៃ កន្លងមកធ្លាប់បានបញ្ជាក់ថាផលិតផលក្លែងក្លាយទាំងនោះ ភាគច្រើនបាន ផលិតក្នុង ខេត្តកណ្តាល និងក្នុងរាជ ធានី ភ្នំពេញនេះទេ។



