អាជ្ញាធរក្រុងស្វាយរៀង ប្រើធម៌ក្តៅរឹបអូសសម្ភារៈដែលលក់ដូរនៅលើផ្លូវគ្មានសណ្ដាប់ធ្នាប់ នៅផ្សារវាលយន្ត
ស្វាយរៀង៖ អាជ្ញាធរក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះ បានបន្តប្រើធម៌ក្តៅចំពោះអាជីវករលក់ដូរដែលរំលោភយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ដែលបណ្តាលឲ្យបាត់សោភ័ណភាពក្រុង និងមានការកស្ទះចរាចរណ៍នៅតាមបណ្តាយផ្លូវជុំវិញផ្សារវាលយន្ត ខណៈដែលរដ្ឋបាលក្រុងស្វាយរៀង បានចុះណែនាំជាច្រើនលើកច្រើនសារមកហើយតែអាជីវករនៅតែមិនស្ដាប់។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដោយមានការសហការជាមួយ អាជ្ញាធរសង្កាត់ក្រុង កងម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ កម្លាំងប្រជាការពារបានធ្វើការដកហូត សម្ភារៈបានមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាផ្លូវជំុវិញផ្សារវាលយន្តព្រមទាំងមានការរឹបអូសសម្ភារៈ ដែលអាជីវកដាក់លក់នៅលើដងផ្លូវសាធារណៈគឺ រដ្ឋបាលក្រុងស្វាយរៀង បានជូនដំណឹងជាច្រើនលើកច្រើនសារមកហើយតែបងប្អូនអាជីករហាក់មិនស្តាប់តាមការណែនាំ របស់រដ្ឋបាលក្រុងដដែលដូច្នេះអាជ្ញាធរក្រុងត្រូវតែបង្ខំចិត្តរឹបអូសសម្ភារៈដែលលក់ដូរគ្មានសណ្ដាប់ធ្នាប់យកមកអធិការដ្ឋាន នគរបាលក្រុងតែម្តង។

លោកបន្តទៀតថាក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង និងបន្តធ្វើរហូតបើសិនជាអាជីករនៅតែបំពានលក់ដូរតាមដងផ្លូវសាធារណៈជុំវិញផ្សារវាលយន្ត ដែលបង្កការកស្ទះចរាចរណ៍ និងបាត់សោភ័ណភាពតាមទីប្រជុំជនហើយក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវទៅដល់បងប្អូនអាជីវករទាំងអស់សូមមេត្តាចូលរួម សហការជាមួយរដ្ឋបាលក្រុងសំដៅធ្វើយ៉ាងណាឲក្រុងស្វាយរៀង ជាក្រុងមួយមានសណ្ដាប់ធ្នាប់ល្អ និងកាត់បន្ថយការកស្ទះចរាចរណ៍ ដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នាជាពិសេសជាមុខមាត់របស់ខេត្តស្វាយរៀង ទាំងមូលដែលមានទីប្រជុំជនផ្សារវាលយន្តក្រុងស្វាយរៀង ប្រកបដោយសោភ័ណភាពល្អ និងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ៕