សម្ដេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររយៈពេល ៣ខែ របស់ក្រុមការងារ CAMSOC ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ដ នៅអាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។


ចំពោះទិសដៅការងារសម្រាប់ ៣ខែចុងក្រោយ នៃឆ្នាំ២០២០ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ចំពោះមុខ CAMSOC ត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិដ៏ធំនាខែក្រោយ ដើម្បីបញ្ជ្រាបព័ត៌មានសំខាន់ៗ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង អំពីការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការប្រជាពលរដ្ឋម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត និងបដិសណ្ឋារកិច្ចល្អ និងការកាត់បន្ថយគ្រឿងញៀន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការបោះពុម្ភប្រក្រតិទិនការងារ និងការប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្រៃយ៍ CAMSOC ជាដើម។

នៅក្នុងឱកាសនោះ ឯកឧតត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ក៏បានបញ្ចាក់ប្រាប់អង្គប្រជុំថា ការងារពាក់ព័ន្ធនឹងពិធីបើក-បិទស៊ីហ្គេម ការស្នាក់នៅ និងដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធនៃប្រភេទកីឡានីមួយៗ កម្ពុជាបានត្រៀមបានល្អប្រសើរហើយ ពិសេសពាក់ព័ន្ធកន្លែងស្នាក់នៅ និងដឹកជញ្ជូន ដែលត្រូវបានក្រុមហ៊ុន World Bridge Sport Village ធានាសាងសង់ឲ្យបានរួចរាល់មុនឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររយៈពេល ៣ខែ ក្នុងត្រីមាសទី៣ ដែលគណៈអចិន្ដ្រៃយ៍ និងលេខាធិការដ្ឋាន រួមទាំងគណៈកម្មការជំនាញរបស់ CAMSOC បានខិតខំបំពេញការងារ និងចូលរួមរៀបចំផែនការ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

ឱកាសនោះ សម្ដេចពិជ័យសេនា បានជំរុញគណៈអចិន្រៃយ៍ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្ដទុកបន្ថែមលើការរៀបចំពិធីបើក-បិទ និងរត់ភ្លើងគប់ស៊ីហ្គេមឲ្យបានកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ សម្ដេចក៏គាំទ្រការត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម និងផ្សព្វផ្សាយនូវយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត និងបដិសណ្ឋារកិច្ចល្អ និងការកាត់បន្ថយគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។