ថៃក៏ឲ្យពលរដ្ឋប្រយ័ត្នខ្លាំងពីព្យុះMolave ដែរក្រោយដឹងថាវៀតណាមជម្លៀសជាង១លាននាក់
មិនមែនតែវៀតណាមទេ ដែលប្រុងប្រយ័ត្នខ្លាំងចំពោះ ព្យុះសង្ឃរា Molave សូម្បីតែប្រទេសថៃក៏បានព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបឹងឬស្ទឹងនានា ទូទាំងប្រទេសត្រូវតែប្រុងប្រៀបខ្លួន ចំពោះការមកដល់នៃព្យុះសង្ឃរា ដែលនឹងមកដល់ នាថ្ងៃពុធ ទី២៨ តុលា ស្អែកនេះផងដែរ។
អាជ្ញាធរគ្រប់គ្រងធនធានទឹកប្រទេសថៃបានឲ្យដឹងថា ខ្លួនបានចេញសារព្រមានដល់តំបន់មានបឹង ស្ទឹង ធំៗចំនួន៦ មាននៅតាមបណ្តាខេត្តនានា ដូចជា Chaiyaphum, Nakhon Ratchasima, Nakhon Nayok និងខេត្ត Rayongជាដើម ។
ព្យុះនេះត្រូវបានព្យាករណ៍ថា នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃស្អែកនេះ ដោយនឹងមានភ្លៀងខ្លាំងនៅតំបន់ភាគខាងជើង ខាងកើតឆៀងខាងជើង ខាងកើត តំបន់កណ្តាល និងភាគខាងត្បូង ដែលបង្កឲ្យមានទឹកជំនន់និងបាកដីដែរ។
ព្យុះនេះត្រូវបានគេដឹងថា នឹងវាយប្រហារវៀតណាមដែរ ហើយវៀតណាមបាននិងកំពុងជម្លៀសពលរដ្ឋជាង១លាននាក់។ មុននេះ វាបានវាយប្រហារហ្វីលីពីន ស្លាប់មនុស្ស៩នាក់ បាត់ខ្លួនមួយចំនួនទៀត៕