សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែក កាល៤៣ឆ្នាំមុននោះហើយ ទើបនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមរយៈ Facebook ផ្លូវការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែក កាល៤៣ឆ្នាំមុននោះហើយ ទើបនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
ជាមួយគ្នានេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ពីទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រេចចិត្តកាលពី៤៣ឆ្នាំនោះ សម្តេចបានបង្ហោះវីដេអូចម្រៀងមួយបទចំណងជើងថា «សំបុត្រពិបាកសសេរបំផុត» ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះក្នុង Facebook ដូច្នេះថា ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។ សូមភ្ជាប់ចម្រៀងមួយបទដែលមាន ចំណងជើងថា សំបុត្រពិបាកសសេរបំផុត ដែលឆ្លុះបញ្ចាំងការលំបាករបស់ខ្ញុំនាពេលនោះ។
សូមជម្រាបថា ក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សង នឹងគ្រោះថ្នាក់ចាកចេញពីប្រទេសកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ពិធីធ្វើឡើងតំបន់ស្លាកស្នាមប្រវត្តិសាស្ត្រ នៃចំណុចចាប់ផ្តើមដំណើរចេញតស៊ូក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីអនុព័ន្ធយោធានៃបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ៕