ឯកឧត្តមបណ្ឌិត មាស សារិន ប្តេជ្ញាចិត្តបន្តការខិតខំ ជម្រុញអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្ររបស់កម្ពុជាឲ្យកាន់តែរីកចម្រើន
ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធបានប្តេជ្ញាចិត្តពីការរួបរួមគ្នាដើម្បីបន្តការខិតខំ អភិវឌ្ឍវិស័យកីឡាទាញព្រ័ត្ររបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺ គោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការប្តេជ្ញាចិត្តរបស់ឯកឧត្តមយ៉ាងដូច្នេះក្នុងសន្និបាតបញ្ចប់អាណត្តិចាស់ទី៣ឆ្នាំ២០១៦ដល់ឆ្នាំ២០២០ និងបន្តអាណត្តិថ្មីទី៤ ឆ្នាំ២០២០ដល់ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមហាសន្និបាតបានអនុម័តគាំទ្រនូវរបាយការណ៍សកម្មភាពការងារ របាយការណ៍ហិរញ្ញវត្ថុ និងសមាសភាពក្បាលម៉ាសីនដឹកនាំចំនួន២៣រូប ដោយឯកឧត្តមបណ្ឌិត មាស សារិន ទទួលបានការគំាទ្របន្តដឹកនាំសហព័ន្ធអាណត្តិថ្មីនេះ។
ឯកឧត្តមប្រធានសហព័ន្ធបានសម្តែកការជឿជាក់ថា ការចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដោយស្មារតីទទួលខុសត្រូខ្ពស់ប្រកបដោយសាមគ្គីភាព នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិ និងបន្តអាណត្តិថ្មីនេះនឹងក្លាយជាប្រយោជន៍ដ៏សំខាន់ក្នុងការបន្តការអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះកាន់តែល្អប្រសើរតទៅមុខទៀត ។
សូមបញ្ជាក់ថា អង្គមហាសន្និបាតសម្រេចបាននូវសមាសភាពសមាជិកប្រតិបត្តិអាណត្តិថ្មី រួមមាន៖ ឯកឧត្តមបណ្ឌិត មាស សារិន បន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីឆ្នាំ២០២០-២០២៤ អមដោយអនុប្រធានចំនួន៩រូប និង១៣រូបទៀតជាសមាជិក ក្នុងនោះលោកស្រី ប្រាក់ សម្ភស្ស ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៣រូប គឺកញ្ញា មាស តឿ, កញ្ញា ងួន វត្តី និងលោក គង់ សុភាព ៕