ការជិះកង់ដើម្បី «អបអរសាទររំលឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» ចេញដំណើរពីវិមានឈ្នះឈ្នះ ទៅខេត្តត្បូងឃ្មុំ
រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមព្រឹត្តិការណ៍ការជិះកង់ដើម្បី «អបអរសាទររំលឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» ការចេញដំណើរ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ពីវិមានឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសាន៍ថា ការចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់នេះ គឺដើម្បីអបអរសាទររំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយក៏បានសង្កេតឃើញថា បងប្អូនអ្នកចូលរួមទាំង អស់មានភាពសប្បាយរីករាយក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមក៏បានបន្ថែមថា ទោះបីក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះក្តី ប៉ុន្តែគណៈកម្មការរៀបចំបានអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹង និងម៉ឹងម៉ាត់បំផុតដោយថែរក្សាអនាម័យបានខ្ពស់តាមរយៈការពិនិត្យកម្តៅ បាញ់អាល់កុល លាងដៃ គ្រប់អ្នកចូលរួមទាំងអស់តាមគោលការណ៍បច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យអ្នកចូលរួមជិះកង់ទាំងអស់ទទួលបាននូវសុវត្ថិភាព។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានអះអាងយ៉ាងដូច្នេះថា «តាមរយៈកិច្ចសហការរៀបចំរបស់ សហព័ន្ធកីឡាទោចក្រយាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរៀបចំ ទិវានេះឡើង គឺទី១ ដើម្បីចូលរួមអបអរសាទរ ទិវារំលឹកខូបលើកទី៤៣នេះផង និងទី២សហព័ន្ធកីឡា ទោចក្រយានចង់ឲ្យបងប្អូនប្រជាពលរដ្ឋមានវប្បធម៌ជិះកង់ ដើម្បីសុខភាព ព្រមទាំងលើក តម្លៃនៃកីឡាឲ្យកាន់តែមានសកម្មភាពផុសផុលផងដែរ។»
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានគូសបញ្ជាក់ថា ការជិះកង់នេះត្រូវ បានចែកចេញជា ពីរដំណាក់កាល ដោយដំណាក់កាលទី១ ចេញដំណើរពីវិមានឈ្នះ ឈ្នះ ដល់បញ្ជាការដ្ឋានកងរាជអាវុត្ថហត្ថស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដែលមានចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ រូចលើកកង់ដាក់រថយន្ត ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសម្រាក នៅទីនោះ។
ពេលរសៀលថ្ងៃនេះដដែលវេលាម៉ោង១និង៣០នាទី ចាប់ផ្តើមចេញដំណើរ ដំណាក់កាលទី២ នៅទីប្រជុំជនស្រុកមេមត់ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ ដែលជាកន្លែងធ្វើពិធីបិទ ដោយមានការសំណេះសំណាលពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទៅកាន់កីឡាករ កីឡាការិនី ដែលចូលរួមសរុបមានចំនួន២០៥នាក់៕