ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ ដោយជោគជ័យ
ភ្នំពេញ៖ ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២០ បានបិទបញ្ចប់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយ ជោគជ័យនៅទីលានសូហ្វតិន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។ ដែលពិធីបិទនោះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។
បើតាមរបាយការណ៍ ដែលឡើងអានដោយ លោក ជា សែនវិស្សុត បានអោយដឹងថា ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៤ និងប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី ៧ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០មានសមាគមចូលរួមប្រកួតចំនួន៦រួមមាន សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃសមាគមកីឡាសូហ្វតិន្និសអគ្គ.នគបាលជាតិ សមាគមកីឡាសូហ្វតិន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតិន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតិន្និសខេត្តកំពង់ឆ្នាំង និង សមាគមកីឡាសូហ្វតិន្នីសអង្គការមិត្តសម្លាញ់។
ប្រតិភូ គ្រូបង្វឹក កីឡាករ-ការីនី សរុបទាំងអស់មានចំនួន ៦៩នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ០៧នាក់ កីឡាករ ៣៨នាក់ កីឡាការិនី ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៧វិញ្ញាសា ៖ ឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី វាយតូចម្រុះបុរស-នារី ឯកត្តជន យុវជនក្រោម ១៨ឆ្នាំ និងវាយគូបុរស អក្សរ ខ។
ក្នុងឱកាសនោះឯកឧត្តម ជា ប៊ុនហេង បានមានប្រសាសន៍ដែលថា ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាចិត្តថានឹងបូជានូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងពង្រឹងនូវវិស័យ កីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពជាតិ ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ។ ជាពិសេសជួយជំរុញ និងដាស់ស្មារតីទឹកចិត្តកីឡាករ-ការិនីឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីប្រណាំងប្រជែងក្នុងការដណ្តើមយកជ័យលាភីជូនជាតិមាតុភូមិ ដោយទទួលបានការអនុញ្ញាជាគោលការណ៍ពី សម្តេចក្រឡាហោម ប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងសហការឧបត្ថម្ភដោយក្រុមហ៊ុនឯកជន។
សូមបញ្ជាក់ថា ចំពោះលទ្ធផលក្រោយបញ្ចប់ការប្រកួត លើវិញ្ញាសាប្រកួតឯកត្តជនយុវជនក្រោម ១៨ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករសាយ សុចិត្រា វិញ្ញាសាប្រកួតវាយគូបុរស អក្សរ “ខ” ចំណាត់ថ្នាក់លេខ១ កីឡាករ សំ ចាន់កាប៊ី + កីឡាករ សាយ សុចិត្រា វិញ្ញាសាប្រកួតវាយគូចម្រុះបុរស-នារី៖ចំណាត់ថ្នាក់លេខ ១កីឡាករ ឯក បញ្ញា កីឡាការិនី បូ ទីងហ៊ុយ ។ វិញ្ញាសាប្រកួតឯកត្តជននារីចំណាត់ថ្នាក់លេខ ១ កីឡាការីនី ម៉េត ម៉ារីយ៉ាន វិញ្ញាសាប្រកួតគូនារី ចំណាត់ថ្នាក់លេខ ១ កីឡាការិនី យាន សុខឿន + កីឡាការិនី ជិន ស្រីឡូយ វិញ្ញាសាប្រកួត ឯកត្តជនបុរស ៖ចំណាត់ថ្នាក់លេខ ១ កីឡាករ អន សម្បិត្ត ចំណែកប្រកួតគូបុរស ចំណាត់ ថ្នាក់លេខ ១ កីឡាករ ឌឹម សំសម្បិត្ត កីឡាករ កាន់ សោភ័ណ្ឌ ៕