ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO និយាយថា បើសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំនេះ
សហរដ្ឋអាមេរិក៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី ស៊ូមីយ៉ា ស្វាមីនណាថាន់ បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើតេស្តវ៉ាក់ប្រឆាំងជម្ងឺ COVID-19 ច្រើនជាង២០០ប្រភេទទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស លោកស្រីថា បើសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។
លោកស្រីបន្ថែមថា ក្រុមមនុស្សដែលជាគោលដៅនឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុម ដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត ដោយ សារជំងឺរាតត្បាតសកល COVID-19 ។ ក្រុមទី១ ជាអ្នកធ្វើការជួរមុខ ដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល ។
ចំណែកឯក្រុមទី២ជាប្រភេទក្រុមមនុស្សងាយឆ្លងដូចជា មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺប្រចាំកាយ ខណៈក្រុមចុងក្រោយ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអត្រានៃការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យនៅតាមជ្រាយក្រុង ឬនៅតាមផ្ទះថែទាំជាដើម ៕