លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមហាឧបាសិកា តាំង បាក់ហៀង ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រះសង្ឃ ចំនួន០៧វត្តក្នុងខេត្តកំពង់ធំ
កំពង់ធំ៖ លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និង មហាឧបាសិកា តាំង បាក់ហៀង និងមានការចូលរួមពី ឯកឧត្តម បាន ខេង អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទបានមូលមតិគ្នាប្រគេនទៀនព្រះវស្សានិង ទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន០៧វត្ត រួមមាន ៖ ១. សំពៅត្រៃលោកត្រៃលក្ខណ៍ ២. វត្តបញ្ញាជី ៣. វត្តបណ្តី ៤. វត្តក្រចាប់ ៥. វត្តស្លែង ៦. វត្តកំពង់ស្វាយ ៧. វត្តល្តាក់ ដែលរៀបចំនូវមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ ស្ថិតក្នុងភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សានេះតាមការបញ្ចាក់របស់លោកគ្រួអាចារ្យថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។បុណ្យនេះដែរ ក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន៧វត្តនៅក្នុងវត្តរួមមាន ៖ ទៀនព្រះវស្សា១គូ. ត្រៃយ៍ធំ១. បាត្រ១ .ឃ្មោះ១ .ទឹកក្រូច ៤កេស. ទឹកសុទ្ធ ៤កេស .ស្ករស២៥គីឡូក្រាម. ទឹកដោះគោខាប់ ១កេស. ត្រីខស្រីបីនាក់ ១កេស .ទឹកស៊ីអ៉ីវ ១កេស. មីម៉ាម៉ា១កេស.ទឹកត្រី១ឡូ. តែស្លឹក ២គីឡូក្រាម. អង្ករ៥០គីឡូក្រាម. ត្រីងៀតនិងត្រីហើម ៥គីឡូ. សាច់ក្រ ២គីឡូក្រាម. ផ្លែឈើ ១កន្ត្រក. កន្ទេលខ្សែ១០ម៉ែត្រ ១ដុំ. ចន្ទី២គីឡូ. អំបិល១០គីឡូ . ម្សៅស៊ុប៥គីឡូ. នំABC១ធុង. ផ្តិល១ .ប្រេងម៉ាស៊ូត ៣០លីត្រ. និងបច្ច័យចូលរួមកសាង១៨៦០ដុល្លាអាមេរិច ៕