សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បន្ថែមវិញ្ញាសាថ្មី ដើម្បីទាក់ទាញប្រជាប្រិយភាព ឆ្ពោះទៅរក ជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានធ្វើមហាស្និបាត បញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៥-២០១៩ និងបន្តអាណត្តិថ្មីទី៦ ឆ្នាំ២០២០-២០២៤ ដើម្បីជ្រើសរើសគណៈកម្មាធិការប្រត្តិបត្តិថ្មីដឹកនាំ និងបានសម្រេចឯកភាពប្តូរនិមិត្តសញ្ញាឡូហ្គោសហព័ន្ធថ្មី ជាពិសេសបន្ថែមវិញ្ញាសាថ្មី គឺសីដក់ឆ្នេខ្សាច់ ឆ្ពោះទៅរកជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ថ្លែងក្នុងអាណត្តិថ្មី ឯ.ឧបណ្ឌិត មាស សារិន សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជាក់ថា ការបន្ថែមសមាជិកប្រត្តិបត្តិថ្មីបន្ថែម ដោយសារសហព័ន្ធចង់បង្កើនសក្តានុពល ទាំងការដឹកនាំធនធាន និងដៃគូសហការ ដើម្បីសម្រេចគោលដៅដណ្តើមមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ប្រធានសហព័ន្ធរូបនេះ ពន្យល់ទៀតថា ទិសដៅធំៗមួយចំនួនដែលសហព័ន្ធដាក់ចេញនោះ គឺបានសម្រេចឯកភាពគ្នាបន្ថែមវិញ្ញាសាសីដក់ឆ្នេខ្សាច់ថ្មីមួយបន្ថែមទៀត ដើម្បីទាក់ទាញប្រជាប្រិយភាព ឲ្យប្រភេទកីឡាមួយនេះកាន់តែផុសផុលខ្លាំងឡើង នៅកម្ពុជា ។

ឯ.ឧ មាស សារិន អះអាងទៀតថា វិញ្ញាសាសីដក់ឆ្នេខ្សាច់នេះ ក្រៅពីការទាក់ទាញបានប្រជាប្រិយភាព វាក៍បានផ្តល់អត្ថប្រយោជន៍ខ្លាំង ក្នុងការលើកកម្ពស់សមត្ថភាពបច្ចេកទេសអត្តពលិកសីដក់ក្នុងសាលផ្សេងៗ ដ្បិតវិញ្ញាសាថ្មីនេះត្រូវការកម្លាំងលោតខ្លាំង ដែលជាការជួយឲ្យអ្នកលេងសីដក់ ក្នុងសាលអភិវឌ្ឍសមត្ថភាពលោតគប់សី បានកាន់តែល្អពេលប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងសាល ។

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៦ ឆ្នាំ២០២០-២០២៤ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា មានសមាជិកប្រត្តិបត្តិ២១រូប ដោយឯ.ឧ មាស សារិន ប្រធានសហព័ន្ធ អនុប្រធានសហព័ន្ធចំនួន៩រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង២រូប អគ្គហិរញ្ញមួយរូប និងសមាជិកចំនួន៧រូប ។ ខណៈអាណត្តិចាស់ សមាជិកប្រតិបត្តិ មានតែចំនួន១៧រូប ប៉ុណ្ណោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner