រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់គ្រាប់ពូជដំណាំច្រើនប្រភេទ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត ៥០០គ្រួសារ ទទួលបានគ្រាប់ពូជដំណាំកសិកម្មជាច្រើនប្រភេទ ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ចេស្តា និងអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២០នេះ នៅសាលាឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ។ នៅក្នុងពិធីចែកគ្រាប់ពូជដំណាំកសិកម្មនោះ ប្រជាពលរដ្ឋចំនួន ៤៥១គ្រួសារ ទទួលបានគ្រាប់ពូជ ពោត ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ សម្រាប់យកទៅដាំដុះ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយជំនន់ទឹកភ្លៀង បានស្រកចុះអស់ទៅវិញនេះ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅ នៅក្នុងខេត្តស្ទឹងត្រែង យើងនេះ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលបានចាត់ លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង ពីជំនន់ទឹកភ្លៀង ដែលបានជន់លិច ធ្វើឲ្យប៉ះពាល់ដល់ដំណាំកសិកម្មជាច្រើនហិកតា របស់បងប្អូនប្រជាពលរដ្ឋ នាពេលកន្លងទៅ ហើយខណៈនេះ លោករដ្ឋលេខាធិការក្រសួង បាននាំយកពូជដំណាំកសិកម្មជាច្រើនប្រភេទ មកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ច្រើនរយគ្រួសារ ថែមទៀតផង ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ចេស្តា បានមានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានពិនិត្យឃើញ អំពីផលប៉ះពាល់ ផលដំណាំស្រូវស្រែ និងចំការជាច្រើនហិកតា របស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទើបក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជាពូជដំណាំទាំងនេះ ដើម្បីស្តារជីវភាពឡើងវិញ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ យកទៅដាំដុះ នៅលើផ្ទៃដីដែលប៉ះពាល់ ដោយទឹកជំនន់ទឹកភ្លៀង គ្រាដែលទឹកបានស្រកចុះអស់ទៅវិញនេះ ។ លោករដ្ឋលេខាធិកា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចបានខិតខំប្រឹងប្រែងបំផុត ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ហើយសម្តេចបានណែនាំដល់រដ្ឋមន្ត្រីកសិកម្ម បន្តចុះសាកសួរសុខទុក្ខ និងការនាំយកគ្រាប់ពូជដំណាំកសិកម្ម មកចែកជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ការដាំដុះ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយរដូវទឹកសម្រក។

យោងរបាយការណ៍ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានបង្ហាញថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់លើ ៣ស្រុក ១១ឃុំ និង ៤៣ភូមិ បណ្តាលឲ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ ៨២៤ខ្នង ខូចខាត ៣ខ្នង ប្រជាពលរដ្ឋរងផលប៉ះពាល់ ១ពាន់ ២២៦គ្រួសារ ប្រជាពលរដ្ឋដែលត្រូវជម្លៀសទៅកាន់ទីទួល ៥៧គ្រួសារ ស្មើនឹង ១៨៣នាក់ ប៉ះពាល់ដំណាំស្រូវ ៤០៥ហិចតា ខូចខាត ២៦០ហិចតា ប៉ះពាល់ដំណាំរួមផ្សំ ៨០៤ហិចតា ខូចខាត ៤៣៦ហុចតា ប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៩ពាន់ ៥៥០ម៉ែត្រ ខូចខាតប្រវែង ៦ពាន់ ៧០០ម៉ែត្រ ប៉ះពាល់ផ្លូវលំប្រវែង ៦២ពាន់ ៤០០ម៉ែត្រ ខូចខាតប្រវែង ៣៨ពាន់ ៤៩០ម៉ែត្រ ប៉ះពាល់ស្ពាន ២៤កន្លែង និងបាក់ច្រាំងទន្លេប្រវែង ២៨៥ម៉ែត្រ៕ដោយ៖ឡុង សំបូរ