អាជ្ញាធរខេត្តសៀមរាប គាំទ្រនៅការអនុវត្តគម្រោងជំនាញដើម្បីភាពជោគជ័យ និងសំណូមពរដល់ភាគីពាកព័ន្ឋចូលរួមដើម្បីសម្រេចគោលបំណងក្នុងការអនុវត្តគម្រោងនេះ

សៀមរាប៖ អង្គសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយដាក់ឲ្យដំណើរការគម្រោងជំនាញដើម្បីភាពជោគជ័យ បានរៀបចំសិក្ខាសាលានេះឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជានៅសាលាខេត្ត នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ លោក នាក់ ណេរ៉ុណ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ គម្រោងជំនាញដើម្បីភាពជោគជ័យមានគោលបំណងចម្បងពីរគឺគាំទ្រប្រព័ន្ឋអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលដល់យុវជនទាំងបុរស និងស្ត្រីដែលងាយរងគ្រោះ ជាពិសេសអ្នកដែលមានកម្រិតជំនាញនៅទាប ហើយដើម្បីសម្រេចនូវគោលបំណងខាងលើ ទាមទារការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រកបដោយកិច្ចសហការ និងភាពគ្រប់ជ្រុងជ្រោយ និងជំរុញវិធីសាស្រ្តនវានុវត្តន៍សម្រាប់ការអភិវឌ្ឍជំនាញ និងស្វែងរកដំណោះស្រាយលើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងគ្រោះ ដោយផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពនូវជំនាញបច្ចេកទេសមានជាអាទិ៍ ជំនាញស្នូល ជំនាញទន់ សហគ្រិនភាពហើយភ្ជាប់ពួកគេទៅនឹងការងារដែល ទទួលបានប្រាក់ឈ្នួល ឬ ប្រកបមុខរបរដោយខ្លួនឯង។

លោក បានលើកឡើងថា៖ ដើម្បីឲ្យគម្រោងជំនាញដើម្បីភាពជោគជ័យ ទទួលបានលទ្ធផលល្អប្រសើរ យើងត្រូវចូលរួមសហការ និងផ្តល់នូវមុខជំនាញដែលមានតម្រូវការទីផ្សារទៅអ្នកផ្តល់ការបណ្តុះបណ្តាល ដែលមានអង្គការភ្លែនអន្តរជាតិ សមាគមបណ្តុះកុមារ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងអាជ្ញាធរមូលដ្ឋាននៅថ្នាក់ស្រុក សង្កាត់ /ឃុំ ភូមិ ត្រូវចូលរួមសហការ ក្នុងការផ្សព្វផ្សាយ រួមទាំងការជ្រើសរើសក្រុមយុវជនឲ្យសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់គម្រោង។

 លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ផងដែរថា៖ “ភាពខ្វះខាតនូវជំនាញកម្រិតទាប និងមធ្យមក្នុងប្រទេសកម្ពុជាមិនអាចឆ្លើយតបទៅនឹងតម្រូវការតាមវិស័យ គឺបង្កការគំរាមកំហែងដល់វឌ្ឍនភាព និងការអភិវឌ្ឍ។ គម្រោងនេះនឹងគាំទ្រដល់យុវជនងាយរងគ្រោះដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ ដោយយកចិត្តទុកដាក់ជាពិសេស ទៅលើអនីតិជនអាយុពី ១៥ ទៅ ១៧ឆ្នាំ និងយុវជនអាយុពី ១៨ ទៅ ២៤ឆ្នាំ ដើម្បីផ្តល់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារដើម្បីទទួលបានការងារសមប្រកប។ លោក បានបញ្ជាក់ទៀតថា៖ “ពេញមួយគម្រោង យុវជនងាយរងគ្រោះ ជាពិសេស ស្ត្រីវ័យក្មេង ក្នុងខេត្តសៀមរាប និងខេត្តរតនគិរី នឹងទទួលបានការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារ និងការងារកាន់តែសមប្រកប នៅក្នុងបរិយាកាសគាំទ្រពេញលេញប្រកបដោយសមភាពយេនឌ័រ។ 

សូមបញ្ជាក់ថា៖ ក្រោមជំនួយពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) និងអង្គការភ្លែនអន្តរជាតិ ដែលអាល្លឺម៉ង់មានគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ត្រូវបានចាប់ផ្តើមការអនុវត្តនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ខេត្តរតនគិរី និង និងនៅថ្ងៃទី១០ ខែវិច្ឆិកា សម្រាប់ខេត្តសៀមរាប ក្រោមកិច្ចសហប្រតិប្តការរវាសមាគមបណ្តុះកុមារ (BK) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំ (២០២០-២០២៣) ដែលជាការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវផ្នែកសេដ្ឋកិច្ច និងលើកកម្ពស់សមភាពយេនឌ័រដល់យុវជនងាយរងគ្រោះក្នុងខេត្តទាំងពីរ។ 

គម្រោងនេះ មានចំណុចសំខាន់ៗចំនួន ៥ រួមមាន៖ (១) បង្កើនសមត្ថភាពរបស់វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនខេត្តសៀមរាប និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដើម្បីផ្តល់សេវាគាំទ្រមុនពេលអំឡុងពេលនិងក្រោយពេលបណ្តុះបណ្តាលជំនាញដល់យុវជនងាយរងគ្រោះប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងសមភាពយេនឌ័រ។ (២) បំពាក់បំប៉នយុវជនងាយរងគ្រោះ ជាពិសេស ស្ត្រីវ័យក្មេងឱ្យទទួលបាននូវការអភិវឌ្ឍជំនាញ និងការងារកាន់តែប្រសើរដែលជាជម្រើសផ្ទាល់របស់ពួកគេ។ (៣) បង្កើនការយល់ដឹងអំពីសារសំខាន់នៃជំនាញវិជ្ជាជីវៈ និងទទួលយកនូវបទដ្ឋាន និងការអនុវត្តល្អៗបន្ថែមទៀត។ (៤) លើកកម្ពស់សមត្ថភាព និងឆន្ទៈរបស់និយោជក និងម្ចាស់សហគ្រាស ក្នុងការផ្តល់សេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយបរិយាប័ន្ន យុវជនមេត្រី និងឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ និងទីផ្សារការងារ។ (៥) លើកកម្ពស់ការដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តថ្នាក់ជាតិនៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នជាដើម៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner