រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង សម្រេចចិត្តចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យ នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក គីម យុនជុល បានថ្លែងប្រាប់អ្នកយកព័ត៌មានថា លោកបានដាក់ពាក្យលាលែងពីតំណែងទៅកាន់វិមានប្រធានាធិបតីកូរ៉េខាងត្បូងហើយ នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។

ការលាលែងពីតំណែងរបស់លោក គីម យុនជុល បានកើតមានឡើងក្រោយកូរ៉េខាងជើងបានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្នុងតំបន់កែសុង ហើយថែមទាំងបានទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចាបន្ធូរបន្ថយភាពតានតឹង និងសម្រេចចិត្តត្រៀមបញ្ជូនកងទ័ព ឱ្យទៅឈរជើងនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េឡើងវិញផងដែរ ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ថា លោកពិតជាមានអារម្មណ៍សោកស្ដាយ ចំពោះភាពបរាជ័យក្នុងការបំពេញតាមតម្រូវការ និងការរំពឹងទុកនៃប្រជាជនរបស់យើង ដែលចង់បានសន្តិភាព និងភាពរុងរឿងនៅលើតំបន់ឧបទ្វីបកូរ៉េ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner