ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក ព្រមានហាមឃាត់អ្នកដំណើរទាំងឡាយណា ដែលមិនព្រមពាក់ម៉ាសការពារ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា ពួកគេមានសិទ្ធិរារាំងជនដែលមិនព្រមពាក់ម៉ាស មិនឱ្យឈានជើងចូលយន្ដហោះឡើយ ដើម្បីការពារអ្នកដទៃដែលបានពាក់ម៉ាសការពារឆ្លងជម្ងឺ COVID-19 យ៉ាងត្រឹមត្រូវ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងធ្វើការជូនដំណឹងពីវិធានការប្រើប្រាស់ម៉ាសដល់អ្នកធ្វើដំណើរទាំងអស់ និង ព័ត៌មានលំអិត មុនចាប់ផ្ដើមអនុវត្តគោលការណ៍នេះ ហើយអ្នកដែលមិនព្រមពាក់ម៉ាសនឹងត្រូវដាក់ចូលបញ្ជីឈ្មោះភ្ញៀវហាមឃាត់ ។
សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាម៉េរិក ដែលប្រកាន់គោលការណ៍ខាងលើនេះ ក្នុងនោះរួមមានក្រុមហ៊ុន អាឡាស់ស្កា អ៊ែរឡាញ ក្រុមហ៊ុន ឌែលតា អ៊ែរឡាញ ក្រុមហ៊ុន ហាវ៉ៃ អ៊ែរឡាញ ក្រុមហ៊ុន ជេតប៊្លូ អ៊ែរវ៉េ ក្រុមហ៊ុន ស៊ោវេស អ៊ែរឡាញ និងក្រុមហ៊ុន យូណាយធីត អ៊ែរឡាញ ៕




