ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលាខណះបញ្ចប់អាណត្តិបេសកកម្មការទូត

ភ្នំពេញ៖ ឯកឧត្ដម  ជា  សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី  នគរូបនីយកម្ម  និងសំណង់  បានអនុញ្ញាតឲ្យ  ឯកឧត្ដម  Michael Tan Keng Siongឯកអគ្គរដ្ឋទូត វិសាមញ្ញ  និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា   ចូលជួបសម្តែងការគួរសម  និងជម្រាបលា  ក្នុងពេលដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតរបស់  ឯកឧត្ដម ឯកអគ្គរដ្ឋទូតនៅកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ កម្មវិធីជួប​សំដែង​ការគួរសម​ និងជម្រាបលានេះ ធ្វើឡើង នាព្រឹកថ្ងៃ ទី ១៩  ខែ វិច្ឆិកា  ឆ្នាំ ២០២០  នៅទីស្តីការក្រសួង  ។

      នៅក្នុងជំនួបនេះ ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងនាមស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាតជាសាកល Covid-19។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បញ្ជាក់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ក្នុងការបំបេញបេសកកម្មនៅកម្ពុជា ដែលអាចទទួលបាននូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជន ក្នុងបណ្តាប្រទេសជាច្រើនលើសាកលលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសាកល Covid-19 នេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កលក្ខណៈដល់បេសកកម្មការទូត របស់ឯកឧត្តម កន្លងមកទទួលបាននូវភាពជោគជ័យគួរជាទីមោទនៈ។ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ស្ថានទូតសឹង្ហបុរីជឿជាក់ថានឹងមានវិនិយោគគិនសិង្ហបុរីជាច្រើន ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ ។

    ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសឹង្ហបុរី Michael Tan Keng Siong ដែលបានផ្តល់នូវសច្ចភាពដល់កម្ពុជា ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរាតត្បាតជាសាកលជំងឺ Covid-19 និងសូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជិវិត ប្រជាជនសិង្ហបុរីចំនួន ២៨ នាក់ផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហមសិង្ហបុរី ដែលបានផ្តល់ជំនួយដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ កាលពីដើមខែតុលា ឆ្នាំ ២០២០។ ជាមួយនេះដែរ ឯកឧត្តម បានបន្ថែមថា ដើម្បីរឹតបន្តឹងចំណងមិត្តភាព រវាងស្ថាប័នទាំង ២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់របស់សិង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានអនុម័តដោយគណៈរដ្ឋមន្ត្រីរួច។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងផ្តល់អាទិភាព សម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់សិង្ហបុរី និងជប៉ុន ដើម្បីធ្វើកិច្ចសន្យាជួលការិយាល័យនៅទីស្តីការថ្មីរបស់ក្រសួង ។

ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបង្ហាញពីការចូលរួមអបអរសាទរខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២កម្ពុជា សឹង្ហបុរី និងប្តេជ្ញាបន្តរឹតបន្តឹងចំណងមិត្តភាពជាមួយស្ថានទូតសិង្ហបុរី អោយកាន់តែរឹងមាំថែមទៀត៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner