ឧកញ៉ា ប៉ិច បូឡែន៖ កុំរស់ពឹងតែសង្ឃឹម តែត្រូវជឿជាក់លើអ្វីដែលខ្លួននឹងសម្រេច
សុភាសិតបុរាណខ្មែរយើងតែងតែលើកឡើងថា “ដរាបណាមានជីវិត ត្រូវតែមានសង្ឃឹម”។ ចាប់ផ្តើមពីផ្នត់គំនិតនៃការអប់រំមួយឃ្លានេះ បានជំរុញឱ្យមនុស្សជាច្រើនយកសុភាសិតនេះមកដាក់ក្នុងខ្លួន ដោយអ្នកខ្លះប្រើប្រាស់បានក្នុងផ្លូវត្រឹមត្រូវក៏កើតជាផលប្រយោជន៍ជាច្រើនសម្រាប់ជីវិត ខណៈអ្នកខ្លះទៀតបានយកតម្លៃអប់រំនេះទៅប្រើប្រាស់មិនត្រឹមត្រូវ ធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះនៃជោគវាសនាខ្លួនឯងទៅវិញ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា បើយើងនិយាយពីក្តីសង្ឃឹមក្នុងជីវិត យើងតែងតែឃើញមនុស្សជាច្រើនបានប្រាប់ថា គាត់សង្ឃឹមនេះ សង្ឃឹមនោះ សង្ឃឹមឥតឈប់ឈរ ឬអ្នកខ្លះទៀតសង្ឃឹមរហូតធ្វើឱ្យជីវិតគាត់ហត់នឿយតែជាមួយសង្ឃឹម តែគ្មានបានផលអ្វីទាំងអស់។ កាន់តែសង្ឃឹម កាន់តែហត់នឿយ ឬកាន់តែសង្ឃឹម កាន់តែបាក់ទឹកចិត្ត ដោយសារតែក្តីសង្ឃឹមជាច្រើនរបស់គាត់ មិនបានសម្រេចសូម្បីតែមួយរឿង។
លោកថា ជានិច្ចកាល គេឃើញអ្នកខ្លះនិយាយថាគាត់សង្ឃឹមថាគាត់នឹងមានការងារល្អធ្វើ។ អ្នកខ្លះទៀតកំពុងរស់នៅជាមួយស្ថានភាពគ្រួសារលំបាកលំបិនផ្នែកសេដ្ឋកិច្ចក្នុងផ្ទះតូចចង្អៀត សង្ឃឹមថាបានផ្ទះមួយដ៏ល្អ។ ហើយអ្នកខ្លះទៀតក៏សង្ឃឹមថានឹងបានម៉ូតូល្អ បានឡានល្អ បាននេះបាននោះទៅតាមចិត្តនឹកឃើញរបស់គាត់ ឬទៅតាមការអូសទាញនៃសង្គមខាងក្រៅ។ មែនទែនទៅ សូម្បីតែអ្នកធ្វើស្រែក៏គាត់សង្ឃឹមថាមេឃមិនរាំង ឬមិនភ្លៀងច្រើនរហូតលេចស្រែចម្ការជាដើម។
ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ «ជាទូទៅ ប្រសិនបើគេចេះប្រើក្តីសង្ឃឹមនោះឱ្យបានត្រឹមត្រូវ ជីវិតគេនឹងពោរពេញដោយថាមពលវិជ្ជមាន តែប្រសិនបើគាត់គ្រាន់តែសង្ឃឹមដោយគ្មានមូលដ្ឋាន នោះជីវិតគាត់នឹងមានតែក្តីសង្ឃឹម ហើយសង្ឃឹមកាន់តែច្រើន ការខិតចិត្តក៏កាន់តែធំដូចគ្នាដែរ។ ហេតុនេះហើយ ទើបនៅទីនេះខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាពិចារណាបន្តិចពីក្តីសង្ឃឹមនេះ ថាតើយើងគួរបន្តសង្ឃឹម ឬអាចប្តូរការសង្ឃឹមនេះទៅជាអ្វីផ្សេង?»។
អ្នកជំនាញអប់រំខាងលើបានបញ្ជាក់ផងដែរថា យើងអាចសាកល្បងសួរខ្លួនឯងទៅមើលថា ហេតុអ្វីបានជាយើងគ្រាន់តែសង្ឃឹម? ហើយប្រសិនបើយើងអង្គុយតែសង្ឃឹម ហើយមិនព្រមធ្វើសកម្មភាព តើក្តីសង្ឃឹមរបស់យើងអាចក្លាយជាការពិតដោយវិធីណា? ជាឧទាហរណ៍ យើងអាចសាកល្បងគិតទៅមើលថា ប្រសិនបើយើងសង្ឃឹមថាយើងចង់បានផ្ទះល្អមួយតើសព្វថ្ងៃយើងបានធ្វើសកម្មភាពអ្វីខ្លះហើយដើម្បីសម្រេចក្តីសង្ឃឹមនោះ?
លោកឧកញ៉ាថាជាទូទៅគេឃើញអ្នកដែលចូលចិត្តសង្ឃឹមភាគច្រើនតែងតែផ្តេកផ្តួលខ្លាំងពេកទៅលើទំនោរនៃវាសនា ឬកត្តាក្រៅខ្លួននានាដោយមិនបានគិតឱ្យអស់ពីលទ្ធភាពចំពោះអ្វីដែលខ្លួនមាន។ ជាក់ស្តែង បើយើងនិយាយថាយើងសង្ឃឹមថានឹងមានផ្ទះល្អមួយ យើងអាចពិចារណាទៅមើលថា តើរាល់ថ្ងៃយើងនៅឯណា? ស្ថានភាពចំណូលរបស់យើងត្រឹមកម្រិតណា? តើក្នុងមួយខែ ឬមួយឆ្នាំយើងសន្សំលុយបានប៉ុន្មាន? ហើយផ្ទះដែលយើងចង់ទិញនោះមានតម្លៃប៉ុន្មាន? ប្រសិនបើផ្អែកតាមលទ្ធភាពជាក់ស្តែងនៃចំណូលរបស់យើងនាពេលបច្ចុប្បន្ន តើប៉ុន្មានឆ្នាំទៀតទើបយើងអាចទិញផ្ទះនោះបាន? ពេលខ្លះយើងនឹងឃើញថា យើងគ្រាន់តែមានក្តីសង្ឃឹម តែគ្មានផែនការសកម្មភាពឱ្យប្រាកដឬគ្មានភាពប្រាកដប្រជាក្នុងការកែប្រែក្តីសង្ឃឹមនោះឱ្យក្លាយជាការពិតនោះទេ។
លោកឧកញ៉ ប៉ិច បូឡែន បាននិយាយថា៖ «ហេតុនេះហើយទើបខ្ញុំចង់ឱ្យយើងគួរសាកល្បងប្តូរពីពាក្យថា “សង្ឃឹមថានឹងមានអ្វីមួយ” មកជាពាក្យថា “ជឿជាក់ថានឹងធ្វើបានអ្វីមួយ”ឬជឿជាក់ថាពេលណាឱ្យប្រាកដថានឹងអាចទទួលបានអ្វីមួយដោយគណនាច្បាស់លាស់ពីស្ថានភាពជាក់ស្តែងដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន»។
លោកបានផ្តល់ជាឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នយើងជួលផ្ទះគេនៅដោយចំណាយមួយខែប្រហែល 200ដុល្លារហើយចំណូលរបស់យើងមានលទ្ធភាពសមរម្យដែលអាចនឹងឡើងបន្ថែមប៉ុន្មានភាគរយទៀតនៅឆ្នាំក្រោយ ខណៈផ្ទះបច្ចុប្បន្ននេះគេត្រូវបង់ខ្ទង់រង្វង់ 400ដុល្លារក្នុងមួយខែ។ យើងនឹងអាចជឿជាក់យ៉ាងច្បាស់ថា ពេលវេលាឆាប់ៗខាងមុខ ឬពេលនេះនឹងអាចមានផ្ទះនៅ ព្រោះពេលយើងដឹងពីស្ថានភាពជាក់ស្តែង ជាមួយនឹងគោលដៅដែលយើងជឿជាក់ថានឹងធ្វើបានយើងនឹងបន្តការគិតរបស់យើងឆ្ពោះទៅរកដំណោះស្រាយនានាដើម្បីធ្វើវាឱ្យបាន។ ជាក់ស្តែងចំពោះសាច់រឿងខាងលើនេះយើងអាចមានវិធីមួយចំនួនទៀតដើម្បីទិញផ្ទះនេះឱ្យបានដោយប្រើប្រាស់លុយសន្សំ បូករួមជាមួយការខ្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុមួយចំនួន ដោយបន្ថែមត្រឹមតែ 200ដុល្លារទៀតក្នុងមួយខែ នោះយើងអាចនឹងទិញផ្ទះបានក្នុងពេលណាមួយជាក់ជាមិនខាន។ ស្ថិតក្នុងស្ថានភាពដែលយើងបានគណនាច្បាស់លាស់បែបនេះ យើងមិនគួរនិយាយថាសង្ឃឹមតទៅទៀតទេ តែយើងគួរនិយាយថាយើងជឿជាក់ថា យើងធ្វើបាន ឬមិនបាន។
នៅកន្លែងការងារក៏ដូចគ្នា! យើងមិនគួរនិយាយថា ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានការងារល្អ ឬឋានៈណាមួយនោះទេ។ តែយើងគួរគិតឱ្យបានច្បាស់លាស់ថា ប្រសិនបើយើងចង់ឡើងឱ្យដល់តួនាទីណាមួយ តើយើងត្រូវការបន្ថែមអ្វីខ្លះ? បច្ចុប្បន្នយើងនៅកន្លែងណា? សម្មិទ្ធិផលរាល់ថ្ងៃរបស់យើងមានអ្វីខ្លះ? តើចំណេះជំនាញរបស់យើងស្ថិតនៅកម្រិតណា?យើងមានដឹងទេថានៅថ្ងៃខាងមុខតំណែងតួនាទីនោះគេត្រូវធ្វើការងារអ្វីខ្លះ? ឬត្រូវការមនុស្សដែលមានលក្ខណៈសម្បត្តិបែបណា ជាដើម?
ងាកមកមើលយើងខ្លួនឯងវិញយើងអាចសួរខ្លួនឯងថាតើបច្ចុប្បន្ននេះយើងបានធ្វើការងារអ្វីខ្លះពាក់ព័ន្ធនឹងការងារដែលយើងចង់ធ្វើនោះ? តើចំណេះដឹង និងជំនាញរបស់យើងមានគម្លាតប៉ុណ្ណា? តើយើងកំពុងនៅជិតតំណែងនោះ ឬឆ្ងាយកម្រិតណា?
នៅពេលដែលយើងដឹងច្បាស់ពីព័ត៌មានលម្អិតនៃការងារគោលដៅនោះរួមជាមួយនឹងស្ថានភាពជាក់ស្តែងដែលយើងកំពុងស្ថិតនៅយើងនឹងមានទំនុកចិត្តយ៉ាងច្បាស់ថាយើងអាចយកវាបានក្នុងរយៈពេលណាមួយយ៉ាងជាក់លាក់ ប្រសិនបើយើងបានបំពេញសេចក្តីត្រូវការនៃអ្វីដែលគេចង់បាននោះ។ ហេតុនេះការសម្រេចបាននូវសម្មិទ្ធិផលជីវិតនានា មិនមែនគ្រាន់សង្ឃឹមក៏សម្រេចបាននោះទេ តែវាត្រូវការសកម្មភាព ទំនុកចិត្ត ហើយស្គាល់ពីខ្លួនឯង និងទិសដៅអនាគតឱ្យបានច្បាស់លាស់ ដើម្បីងាយអភិវឌ្ឍខ្លួនឱ្យចំទិសដៅ៕