អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផ្លូវ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងបង្គោលតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមការងារកងវិស្វកម្មធ្វើផ្លូវក្រវ៉ាត់ព្រំដែន កាលពីពេលថ្មីៗនេះ។
ក្នុងការចុះពិនិត្យផ្លូវតាមក្រវ៉ាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តក្នុងស្រុកពេជ្រាដានាពេលនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវការពាររដ្ឋធម្មនុញ ការពាររដ្ឋាភិបាលស្របច្បាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ទៅលើការថែរក្សាការពារបូរណៈភាពទឹកដី អធិបតេយ្យភាព បង្កើនការយកចិត្តទុកដាក់ បំផុសប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ជាតិ អន្តរជាតិ ជាពិសេស ត្រូវបន្តការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវីធី ដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និការអភិវឌ្ឍន៍ និងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ការបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសស បទល្មើសគ្រឿងញៀន។ បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមការងារកងវិស្វកម្ម ត្រូវបន្តយកចិត្តទុកស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែនឲ្យបានរួចរាល់ ដើម្បីកំណត់ឲ្យបានច្បាស់លាស់រវាងព្រំប្រទល់ជាប់ប្រទេសជិតខាង។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយវៀតណាម ប្រវែង៣១៤,៦៦៤គីឡូម៉ែត្រ ជាប់ជាមួយខេត្ត ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕ ពលៈ






