សមត្ថកិច្ចខណ្ឌដង្កោ ដេញចាប់ជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច
ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដេញចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ ឆក់កាបូបលុយ ពីស្ត្រីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវ បានសម្រេច កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរស្តុបការ៉េប្រាំបី ផ្លូវ២១៧ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ ដានីន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន មាន ឈ្មោះ ក្រួច តារាវិសាល ហៅ ហ៊ីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣៦៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖ ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1IG-4658, ២/កាបូបដាក់លុយ (ក្រវ៉ាត់ចង្កេះខាងមុខ) ពណ៌ខ្មៅ លាយខៀវចំនួន០១, ៣/លុយខ្មែរចំនួន ៦៥,០០០រៀល (ប្រាំមួយម៉ឺនប្រាំពាន់រៀល) ៤/ទូរស័ព្ទដៃម៉ាកVIVO ពណ៌ក្រហមចំនួន០១គ្រឿង ។ ក្រោយមកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕ ដោយ៖ ជីម ភារ៉ា