ពាណិជ្ជកម្មចិន-វៀតណាមឆ្នាំ២០២០កើនលើស១០០ពាន់លានដុល្លារ ក្នុងបរិបទកូវីដ១៩
ចិនបានក្លាយជាប្រទេសដំបូង ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី ជាង១០០ពាន់លានដុល្លារជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០២០នេះ ខណៈដែលការនាំចេញនិងនាំចូលរវាងប្រទេសទាំងពីរកើនឡើង ទោះបីក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ។
វៀតណាមបានចាំចេញទៅចិន ក្នុងតម្លៃ៣៧.៩ពាន់លានដុល្លារអាមេរិក ក្នុងពេល១០ខែដំបូងនៃឆ្នាំ២០២០ កើនឡើង១៤.៨ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៩ ហើយបាននាំចូលពីចិនវិញ ក្នុងតម្លៃ៦៥.៦ពាន់លានដុល្លារអាមេរិក កើនឡើង៩.៩ភាគរយ នេះបើតាមមន្ត្រីគយរបស់វៀតណាម។ ផ្អែកលើកត្តានេះ ទំហំនេះនឹងកើនដល់១០៣.៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។
ទំនិញវៀតណាមនាំចេញទៅចិន រួមមានដូចជា ស្មាតហ្វូន កុំព្យុទ័រ ឈើ និងគ្រឿងម៉ាស៊ីនជាដើម ហើយទំនិញចិននាំមកវៀតណាមវិញ មានដូចជាកុំព្យុទ័រ គ្រឿងម៉ាស៊ីន វត្ថុធាតុដើមបំរើដល់ឧស្សាហកម្មកាត់ដេរ ជាដើម៕ ប្រភពពី VN Express