ខេត្តបាត់ដំបងប្រារព្វពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យដំណើរការ នូវមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដើម្បីឆ្លើយតបនិងស្របទៅតាមស្មារតីនៃអនុក្រឹត្យលេខ១៩៣អនក្រ បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារការគ្រប់គ្រងនិងផ្តល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាល រាជធានី ខេត្តនិងស្របទៅតាមគោលការណ៍ណែនាំ របស់ ក្រសួងមហាផ្ទៃ ដែលបានរៀបចំពិធីផ្សព្វផ្សាយ និង បានដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃ រដ្ឋបាលរាជធានី ខេត្ត កាលពី ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ។

នេះគឺជាការថ្លែងគូសបញ្ជាក់ របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីផ្សព្វផ្សាយ និង ដាក់ឱ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥ខែមិថុនានេះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្តទៀតថា៖ ពិធីដ៏មានសារៈសំខាន់នា ពេលនេះ និងបន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញ នូវអនុក្រឹត្យ”ស្តីពីការ ប្រគល់មុខងារ គ្រប់គ្រង និង ផ្តល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាល រាជធានី-ខេត្ត នាចុងឆ្នាំ២០១៩កន្លងមក និងបើទោះបីយើង បាននឹងកំពុងជួបនូវស្ថានភាពលំបាកដោយសារ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ។ក៏ រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តនិងអនុវត្តទៅតាម គោលការណ៍ និងការដាក់ចេញនូវ កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល លើការផ្ទេរមុខងារ វិស័យសុខាភិបាល ដោយ ប្តេជ្ញាអនុវត្តឲ្យបានទៅតាមលិខិតបទដ្ឋាន គតិយុត្ត ដែលមាន ។

សូមបញ្ជាក់ថា៖ ការរៀបចំពិធីផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការនាថ្ងៃនេះ គឺ៖ ក្នុងគោលបំណង ផ្សព្វផ្សាយ អំពីគោលការណ៍សំខាន់ៗនិងអំពីការ ចាប់ផ្តើមជាផ្លូវការ របស់ រដ្ឋបាលខេត្ត ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន លើការគ្រប់គ្រង ការចាត់ចែង និង ការផ្តល់សេវា សុខាភិបាល ជូន ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យ ភាព ស្របតាម គោលការណ៍ បែបបទ និងនីតិវិធី ថ្មីៗ ដូចបានកំណត់ ក្នុងលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធ នឹង ពីការផ្ទេរ មុខងារ ក្នុងវិស័យ សុខាភិបាល មកឲ្យរដ្ឋបាល រាជធានី ខេត្ត គ្រប់គ្រង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានបន្ថែមទៀតថា ផ្អែកលើប្រព័ន្ធត្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និង គណ:អភិបាលខេត្ត និងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច អំពីលទ្ធផល នៃការ បំពេញការងារពាក់ព័ន្ធនិងសេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យនេះ។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បានគូសបញ្ជាក់ក្នុងបទបង្ហាញរបស់ខ្លួនថា៖ការផ្ទេរ នូវ រចនាសម្ព័ន្ធ នៃមន្ទីរសុខាភិបាលខេត្តបច្ចុប្បន្ន ឲ្យមកស្ថិតនៅក្រោមរចនាសម្ព័ន្ធនៃការគ្រប់គ្រង របស់ រដ្ឋបាលឯកភាពខេត្ត រួមមាន មន្ទីរសុខាភិបាលខេត្ត, មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ,មន្ទីរពេទ្យបង្អែក បុគ្គលិក ក្រុង ស្រុក មណ្ឌលសុខភាពខេត្តនិងរួមទាំងប៉ុស្តី បុគ្គលិក សុខភាព កិច្ចសន្យាទាំងអស់នៅក្នុងខេត្តបាត់ដំបងប្រមាណជាង១.៣០០នាក់ ក៏ត្រូវបានផ្ទេរឲ្យមកនៅស្ថិតក្រោមការគ្រប់គ្រង របស់ខេត្តផងដែរ។ ដោយឡែក ចំពោះ ការផ្ទេរ ថវិកាគឺ៖ត្រូវអនុវត្តទៅតាមប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។ហើយដែលនឹងត្រូវធ្វើបទបង្ហាញ ដោយតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ផ្អែកតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល នៃ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងផ្អែកលើមេរៀនបទពិសោធន៍នៃការអនុវត្ត នាពេលកន្លងមក រាជរដ្ឋាភិបាល នឹងបន្តរៀបចំនិងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិ រយៈពេលវែង ថ្មីមួយទៀត ដែលត្រូវចាប់ផ្តើមអនុវត្ត ពី ឆ្នាំ២០២១ តទៅ ដើម្បីធានាដល់ការអនុវត្តកំណែទម្រង់នេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner