មុខរបរបណ្ដុះកូនដើមប្រេងខ្យល់លក់ របស់ប្រជាកសិករក្នុងភូមិត្រពាំងក្រពើ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង មានហាងឆេងខ្ពស់២ឆ្នាំជាប់ៗគ្នា
កំពង់ឆ្នាំង៖ ប្រជាកសិកររស់នៅក្នុងស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បង្កើននៅមុខរបរបណ្តុះកូនប្រេងខ្យល់លក់ កំពុងមានហាងឆេង ដោយទទួលបានតម្លៃខ្ពស់២ឆ្នាំជាប់គ្នាធ្វើ ឲ្យពួកគាត់មានទឹកចិត្តរីករាយ ដោយបានជំរុញអោយពួកគាត់ ពង្រីកនូវថ្នាលបណ្តុះកូនដើមប្រេងខ្យល់បន្ថែមទៀត តាមតម្រូវការរបស់អតិថិជន។
ស្ត្រីឈ្មោះ ប្រាំង សុធាវី ដែលបានប្រកបមុខ របរបណ្ដុះកូនប្រេងខ្យល់លក់ មានទីលំនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលារប្អៀរ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០នេះថា រូបគាត់ និងបងប្អូនរបស់គាត់ជាច្រើន គ្រួសារទៀតនៅក្នុងភូមិនេះបានចាប់យកមុខរបរបណ្ដុះកូនប្រេងខ្យល់លក់ មានរយៈពេលជាច្រើនឆ្នាំមកហើយ។
ការចាប់យកមុខរបរខាងលើនេះ ដោយសារតែពួកគាត់បានចេះបច្ចេកទេសបណ្ដុះកូនប្រេងខ្យល់នេះ ពីអង្គការមួយដែលបានមកបើកវគ្គបណ្ដុះបណ្ដាលដល់ពួកគាត់នៅក្នុងភូមិ ។ បន្ទាប់ពីមានការយល់ដឹង ពីបច្ចេកទេសក្នុងការបណ្ដុះកូនដើមប្រេងខ្យល់នេះមក ពួកគាត់ក៏បាននាំគ្នាចាប់ផ្ដើមសាកល្បងបណ្ដុះកូនដើមប្រេងខ្យល់ ដើម្បីលក់ឲ្យអ្នកដែលនៅក្នុងភូមិ ដំបូងសាកល្បងត្រឹមតែ១០០០ ទៅ ២០០០ដើម។
បន្ទាប់ពីមានភាពជោគ ជ័យចំពោះមុខរបរនេះជាបណ្តើរៗហើយ នោះ បងស្រីក៏បានបណ្ដុះបណ្ដាល ដល់ក្រុមគ្រួសាររបស់គាត់ដែលមានសមាជិកគ្រួសារ ៥នាក់បន្ថែមទៀត ឲ្យចាប់យកមុខរបរបណ្ដុះកូនដើម ប្រេងខ្យល់នេះទាំងអស់ គ្នាដោយសារតែមុខរបរនេះវាអាចទទួលបានប្រាក់កម្រៃគួរសមដែរ បន្ទាប់ពីផាត់ថ្លៃចំណាយផ្សេងៗ រួមទាំងតម្លៃកម្មករច្រកដីចូលថង់សម្រាប់ស្ទូងកូនប្រេងខ្យល់ ដែលក្នុងមួយម៉ឺនថង់តម្លៃប្រាំពីរម៉ឺនរៀលផងដែរ។
ស្ត្រីខាងលើបានបន្តថា សព្វថ្ងៃនេះគឺគាត់បណ្ដុះកូនដើមប្រេងខ្យល់តែមួយមុខប៉ុណ្ណោះ ចំណែកកូនអាកាស្យា គឺពិបាកក្នុងការបណ្ដុះណាស់ ហើយក៏ពុំសូវមានអ្នករកច្រើននោះដែរ តែបើមានអ្នករក គឺគាត់អាចកម្មង់យកមកពីបងប្រុសរបស់គាត់ ដែលបានបណ្ដុះដើមអាកាស្យានេះលក់ នៅឯខេត្តត្បូងឃ្មុំដោយមួយដើមតម្លៃ៥០០រៀល សព្វថ្ងៃនេះមានអតិថិជននៅតាមបណ្ដាខេត្តផ្សេងៗបានមកកម្មង់ទិញជាហូរហែរ មិនដែលដាច់នោះទេ ។
ឯតម្លៃវិញ ប៉ុន្មានឆ្នាំកន្លងមកនេះកូនដើមប្រេងខ្យល់មានតម្លៃមួយដើមតែ៥០ រៀលទៅ៧០រៀលតែប៉ុណ្ណោះ តែរយៈពេល២ ឆ្នាំជាប់គ្នាមកនេះ កូនដើមប្រេងខ្យល់មាន តម្លៃ១០០រៀលក្នុងមួយដើម ។ បច្ចុប្បន្នក្រុមគ្រួសាររបស់គាត់ទាំង៥គ្រួសារបានបណ្ដុះកូនប្រេងខ្យល់ទាំងអស់គ្នាសរុបមានចំនួនពី៧០ទៅ១០០ម៉ឺនដើម អាស្រ័យទៅលើអតិថិជនជាអ្នកកុម្ម៉ង់ទិញ តិចឬច្រើន បើពុំសូវមានអ្នកមកកម្មង់ទិញនោះទេ គឺពួកគាត់បណ្ដុះតែត្រឹម១០ម៉ឺនឬជាង១០ម៉ឺនកូនតែប៉ុណ្ណោះ ដើម្បីបម្រុងទុកសម្រាប់លក់ឲ្យអតិថិជន នៅពេលដែលគេមករកទិញភ្លាមៗ។
អំពីវិធីបណ្ដុះកូនដើមប្រេងខ្យល់ ដំបូងគេត្រូវយកគ្រាប់របស់វាដែលយើងបេះពីលើដើម យកមកហាលថ្ងៃរយៈពេល១ថ្ងៃទៅ២ថ្ងៃសិន ទើបយកគ្រាប់ទាំងនោះទៅស្រុះទឹកក្តៅបន្ទាប់មកយកទៅត្រាំទឹកទុករយៈពេល២ យប់ ទើបយកទៅព្រួស នៅលើថ្នាលសម្រាប់បណ្ដុះកូនដើមប្រេងខ្យល់ ដែលធ្វើដីទុករួច ជាស្រេចនោះ។ នៅពេលដែលកូនដើមប្រេងខ្យល់មានអាយុបាន១ខែ គេដកវាយកទៅស្ទូងនៅក្នុងកាទោងកូនថង់ប្លាស្ទិច ដោយទុករយៈពេល១ខែទៀត ឱ្យកូនប្រេងខ្យល់មានកម្ពស់២តឹក ទៅ២តឹកកន្លះ ទើបអាចយកទៅលក់ឲ្យអតិថិជនដើម្បីយកទៅដាំបន្តបាន។
គួរបញ្ជាក់ថា ដើមប្រេងខ្យល់នេះងាយស្រួលក្នុងការដាំណាស់ វាមិនរើសស្ថានភាពដីនោះទេ ហើយម្យ៉ាងទៀតគោក៏វាមិនស៊ីដែរ គេអាចដាំវាទុកចោលដោយមិនសូវពិបាកក្នុងការថែទាំច្រើននោះឡើយ។ ដំណាក់កាលដាំដំបូង គឺគេដាំរយៈពេល ពី៣ឆ្នាំ ទៅ៤ឆ្នាំគេអាចកាប់វាយកទៅប្រើប្រាស់បានហើយ។ ឯដំណាក់កាល ទី២ បន្ទាប់ពីកាប់វាយកទៅប្រើប្រាស់មួយសារហើយនោះ វានឹងចាប់ផ្ដើមលាស់បំពង់សាជាថ្មី ដោយមួយដើមអាចដុះបំពង់ពី៤ទៅ ៦ បំពង់។ បំពង់ថ្មីលើកទីពីរនេះ គឺមានរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ និងអាចកាប់ប្រើប្រាស់បានផងដែរ គឺវាអាចកាប់លាស់ថ្មីៗ រហូតទាល់តែគល់របស់វាចាស់រលួយទើបលែងលាស់ត្រួយជាថ្មីបន្តទៀត។
ដោយឡែក ដើមប្រេងខ្យល់នេះផងដែរ នៅពេល ដែលវាល្មមកាប់លក់ក៏មានក្រុម ហ៊ុន បានមកម៉ៅទិញដល់ចំការ ដោយសារ តែវាមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដូចជាគេអាចយកទៅធ្វើរន្ទាសម្រាប់សាងសង់សំណង់ផ្សេងៗ ចំណែកដើមធំៗអាចយកទៅកែច្នៃ ធ្វើជាគ្រឿងសង្ហារឹម ឬក៏ធ្វើគ្រឿងផ្ទះ និងសំណង់ផ្សេងៗបានយ៉ាងល្អប្រណិតមិនចាញ់ដើមឈើដែលដុះនៅក្នុងព្រៃភ្នំនោះឡើយ ៕ធ.ដ
ដោយ៖ សុក្ខារិន







