សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកួតធ្វើតេស្តបច្ចេកទេសកីឡាទូក សម្រាប់ដំណាក់កាលបញ្ចប់ ឆ្នាំ២០២០

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំការប្រកួតតេស្តបច្ចេកទេសទូកប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងរបស់ក្រុមជម្រើសជាតិ និងក្រុមថ្នាល សម្រាប់ ដំណាក់ កាលបញ្ចប់ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។


មន្ត្រីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានឲ្យដឹងថា នេះជាសកម្មភាព ការប្រកួតតេស្ត បច្ចេកទេសកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ (វិញ្ញាសា២០០ម៉ែត្រចំណុះ១២នាក់) ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងរបស់ក្រុមជម្រើសជាតិ និងក្រុមថ្នាល ក្នុងដំណាក់កាលបញ្ចប់ ឆ្នាំ២០២០ ដែលមាន វត្តមានចូលរួមរៀបចំដោយគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងត្រួតពិនិត្យដោយមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ។ តំណាង សហព័ន្ធបានលើកឡើងនូវការកោតសរសើរដល់កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលទាំងអស់ ដែលបានខិតខំហ្វឹកហាត់កន្លងមក ហើយទទួលបានលទ្ធផលល្អប្រសើរ នាពេលនេះ ។ សហព័ន្ធ ជឿ ជាក់ថា កីឡាករ កីឡាការិនីទាំងអស់នឹងចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិក្នុង ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ក៏ដូចជា គោលដៅឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។


ជាមួយនឹងការបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទូកនេះ, កញ្ញា មាស តឿ មន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ជាក់ដែរថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡា ទូក ប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពាន រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដោយរក្សាកម្មវិធីប្រកួត ដដែល មិនមានអ្វីផ្លាស់ប្តូរទេ ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំឆ្នាំនេះទទួលបានការឧត្ថម្ភ ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍវិស័យទូកឲ្យកាន់តែរីកចម្រើន ដើម្បីសម្រួចគោលដៅឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។


ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតឆ្នំានេះមានដូចជា ១-វិញ្ញាសា ៨០០ម៉ែត្របុរស ទូកប្រពៃណី ខ្នាតអន្តរជាតិចំណុះ ១២នាក់ ។ ២-វិញ្ញាសា ៥០០ម៉ែត្រនារី ទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ ១២ នាក់ ។ ៣-វិញ្ញាសា ៥០០ម៉ែត្រចម្រុះបុរស-នារី (ទូកកានូ C1)។ ៤-វិញ្ញាសា ៥០០ម៉ែត្រ ចម្រុះបុរស-នារី (ទូកកាយ៉ាក់ K1) និងទី៥-វិញ្ញាសា ២.០០០ម៉ែត្រ ចម្រុះបុរស-នារី (1x) ។


ឯ ឧ បណ្ឌិត ជា ហ៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាន ស្នើសុំជាគោលការណ៍ នៃការប្រកួតជើងឯកថ្នាក់ជាតិនេះ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលនេះគឺជាផែន ការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner