នាយកអនុវិទ្យាល័យ ឆាយឆុប ស្វាគមន៍ចំពោះបទពិសោធន៍ និងការចែករំលែកនូវចំណេះដឹង ជំនាញដល់គ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា ពីកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» របស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

លោក កង សុវណ្ណ នាយកអនុវិទ្យាល័យ ឆាយឆុប បានបញ្ជាក់ថា «អប់រំគុណតម្លៃ អូឡាំពិក» គឺជាកម្មវិធីមានសារៈសំខាន់ ក្នុងការចែករំលែកនូវចំណេះដឹងលើផ្នែកកីឡាជូនដល់សិស្សានុសិស្ស ។ ជាមួយគ្នានេះ លោកនាយក ក៏បានទទួលការស្វាគមន៍ សម្រាប់កម្មវិធីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចែករំលែកនូវចំណេះជំនាញដល់គ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា២នាក់ នៃអនុវិទ្យាល័យ ឆាយឆុប ក្នុងគោលបំណងទទួលបាននូវបទពិសោធន៍បន្ថែម ស្របតាមការអភិវឌ្ឍថ្មីៗ នៃវិស័យកីឡាពិភពលោក នាពេលបច្ចុប្បន្ន ។


គួររម្លឹកថា នេះជាលើកទី៣ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តរៀបចំកម្មវិធី «អប់រំគុណតម្លៃ អូឡាំពិក» ប្រចាំឆ្នាំ២០២០ តាមគម្រោងរបស់ខ្លួន ដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយ នៅអនុវិទ្យាល័យ ឆាយឆុប ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។


លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសបញ្ជាក់ថា មូលហេតុដែលជ្រើសរើសយកអនុវិទ្យាល័យឆាយឆុបនេះធ្វើ ដោយលោកបានមើល ឃើញពីហេដ្ឋារចនាសម្ព័ន្ធកីឡាមានច្រើនសម្បូរបែប ដូចជាទីលានបាល់ទាត់ បាល់បោះ និងទីលាន កីឡាមួយចំនួនទៀត ដែលបានធ្វើឲ្យសិស្សានុសិស្សអាចលេងកីឡាបានច្រើនមុខ។

គោលបំណង នៃកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» គឺដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក និងនាំឲ្យយុវជន ប្រជាពលរដ្ឋលេងកីឡា ដើម្បីសុខភាព ព្រមទាំងស្វែងយល់ពីយុទ្ធនាការ ប្រជាជនម្នាក់លេង កីឡា មួយ មុខ និងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នៅកម្ពុជា ។ លោកបន្ថែមថា ក្នុងសកម្មភាពផ្សព្វផ្សាយលើកទី៣នេះ មានកម្មវិធីជាច្រើន ដូច ជាបទបង្ហាញជូនដល់សិស្សានុសិស្ស របស់លោក ប៊ុយ សុភ័ណ្ឌ ពីយុទ្ធនាការផ្សព្វផ្សាយ របស់ កម្ពុជា ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងលោក ញ៉ាន សុខវិសាល បានធ្វើបង្ហាញ អំពីចលនាអូឡាំពិក និងគុណតម្លៃអូឡាំពិក ។ បន្ទាប់ពីធ្វើបទបង្ហាញនេះ ក្រុមការងារក៏បាននាំ សិស្សានុសិស្សលេងកីឡា ការលេងល្បែងកម្សាន្ត ដែលបង្កើតបាននូវបរិយាកាស សប្បាយរីករាយ ជូន ដល់ពួកគាត់គ្រប់ៗគ្នា ព្រមទាំងទទួលបាននូវចំណេះដឹងនៃចលនាអូឡាំពិកផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner