ទំហំទឹកប្រាក់នៃការនាំចេញ នាំចូល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កើនឡើង31.1%
ព្រះសីហនុ ៖ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ2020 របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនកើនឡើង31.1% បើធៀបនឹងឆ្នាំមុន ដែលនេះបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍ ។
របាយការណ៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ2020 បរិមាណកុងតឺន័រនាំចេញ និងនាំចូលសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួន 36206 បានកើនឡើង 29.22 បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបមានចំនួន 1273 លានដុល្លារអាមេរិក បានកើនឡើង31.1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ស្មើនឹង103% នៃទំហំនៃការនាំចេញ និងនាំចូលសរុបនាឆ្នាំ2019។ នេះបើយោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចំពោះការកើនឡើងទាំងនេះគឺជាសមទ្ធផលដ៏គួរឱ្យរំភើបចិត្តដែលទទួលបានក្នុងស្ថានភាពធ្ងន់ធ្ងរខណៈពេលដែលជំងឺវីរុសCOVID-19 កំពុងតែរាត្បាតពាសពេញសកលលោក។ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់វិធានការ អំពាវនាវឱ្យរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធ្វើការប្រាស្រ័យទាក់ទងជាមួយដៃគូវិនិយោគតាមប្រព័ន្ធអនឡាញ រួមគ្នាកសាងខ្សែការពារដ៏រឹងមាំមួយ ទើបអាចធានាគ្មានការឆ្លងពីជំងឺ COVID-19នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយធានាដល់ការដំណើរការជាធម្មតារបស់រោងចក្រ សហគ្រាសនិងបន្តរក្សាឱកាសការងារដល់ប្រជាពលរដ្ឋ។
ទោះបីជាការរីករាលដាលនៃជំងឺកូវី-19បាននាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុន សហគ្រាស និងធ្វើឱ្យក្រុមហ៊ុនសហគ្រាសមួយចំនួនមានការធ្លាក់ចុះនូវសមត្ថភាពផលិតក៏ដោយ ប៉ុន្ដែដោយបានពឹងផ្អែកលើតួនាទីវេទិការបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសនៅក្នុងតំបន់នៅតែប្រកាន់ខ្ជាប់នូវទំនុកចិត្តរបស់ខ្លួនជានិច្ច។

ទន្ទឹមននឹងការខិតខំដោះស្រាយបញ្ហាប្រឈម និងស្តារឡើងវិញនូវសមត្ថភាពផលិតបន្តិចម្តងៗ ហើយសហគ្រាសខ្លះបានប្រែក្លាយឱកាសគ្រោះថ្នាក់ឱ្យទៅជាឱកាសអាជីវកម្ម និងសម្រេចបានកំណើនទ្វេដងនៃលទ្ធភាពផលិតបើប្រៀបធៀបនឹងឆ្នាំមុន។
ការអភិវឌ្ឍដំណាក់កាល2.0 នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញការបង្កើនល្បឿនក្នុងការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្មនិងជីវភាពរស់នៅក្នុងតំបន់ ផ្តល់ការធានាផ្នែករឹង ដ៏រឹងមាំសម្រាប់រោងចក្រផលិត។
ទោះបីយ៉ាងណាក៏ដោយ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញការអភិវឌ្ឍន៍ ដំណាក់កាលទី2.0 ជាមួយនឹងការជឿជាក់ថា តាមរយៈវេទិកានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ នឹងមានក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនអាចសម្រេចបាននូវការអភិវឌ្ឈឆ្ពោះទៅមុខ និងជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃខេត្តព្រះសីហនុក៏ដូចជាប្រទេសកម្ពុជាផងដែរ៕