កម្ពុជានឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មប្រព័ន្ធ GSP របស់អង់គ្លេសឆ្នាំ2021
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2021 ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់សហភាពអឺរ៉ុប ដែរ ដោយនឹងមានក្របខ័ណ្ឌចំនួន3៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 បានចេញសារណែនាំ សម្រាប់សមាជិកសមាគម ស្តីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេសនេះដែលជាវិធានថ្មីសម្រាប់អនុវត្ត នៅឆ្នាំ2021ខាងមុខ ។
ក្នុងសារណែនាំរបស់ GMAC បានឱ្យដឹងថា យោងទៅលើផ្នែកនៃអន្តរកាល នៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brexit) វិធានថ្មីសម្រាប់ ឆ្នាំ2021 ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេស កាលពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020។ ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។
សមាគម កំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួន នៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមាននៃការអនុវត្ត (ថាតើកាលបរិច្ឆេទនៃការដឹកជញ្ជូន ឬកាលបរិច្ឆេទនៃការទៅដល់)។ GMAC នឹងផ្តល់ព័ត៌មានបន្ថែមសមាជិក នៅពេលទទួលបានការបំភ្លឺ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMSថា ៖ «ប្រព័ន្ធ GSP របស់អង់គ្លេសនេះ នឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់សហភាពអឺរ៉ុប នៃគម្រោង EBA ដែរ គឺសំដៅសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។ ប៉ុន្តែមុនពេលចេញពីសហភាពអឺរ៉ុបមានឈ្មោះគម្រោង EBA បន្ទាប់ពីអង់គ្លេស ធ្វើ Brexit (ការចាកចេញនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ)គឺមានឈ្មោះថាជាប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស»។
លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា ៖ « GSP របស់អង់គ្លេសគឺជាលក្ខខណ្ឌរួចពន្ធ ដូច EBA សហភាពអឺរ៉ុប ដោយយើងធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មទៅប្រទេសអង់គ្លេស ពិសេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង វ៉ាលីសសម្រាប់ការធ្វើដំណើរ កាបូបស្ពាយ ដែលគាត់បានសន្យាជាមួយប្រមុខរារដ្ឋាភិបាលកន្លងមក តែការផ្តល់ អនុគ្រោះពន្ធ GSP និងត្រូវធ្វើឡើងនៅដើមឆ្នាំ2021» ។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងដែរថា ៖ «(GSP) របស់អង់គ្លេសខុសពី(GSP) របស់សហរដ្ឋអាមេរិក ដោយ(GSP) របស់អាមេរិកមុខទំនិញខ្លះបង់ពន្ធ និងខ្លះទៀតបង់ពន្ធក្នុងកម្រិតទាប។ ចំណែក (GSP)របស់អង់គ្លេសជាការផ្តល់អនុគ្រោះពាណិជ្ជកម្មដល់ប្រទេសអភិវឌ្ឍតិចតួចបំផុត»។
សូមបញ្ជាក់កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ដោយអង្គការសហប្រជាជាតិថា ជាប្រទេសស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះ។
យោងតាមក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស ក្នុងរយៈពេល7ឆ្នាំចុងក្រោយនេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ គឺបានកើនឡើងពីទឹកប្រាក់ជាង500លានដុល្លារអាមេរិក នៅឆ្នាំ2012 ដល់ជាង1,000លានដុល្លារអាមេរិក កាលពីឆ្នាំ2018។ សក្តានុពលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស បានកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ 1,05 ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ2019 ដែលក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេស ក្នុងទំហំទឹកប្រាក់ជាង 978 លានដុល្លារអាមេរិក៕