ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ ត្រូវជាប់ខ្នោះនគរបាលប៉ុស្ដិ៍ឃ្មួញ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ កាលពីវេលាម៉ោង១៤ និង១០នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងការាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់លោក ញាណ នន នាយប៉ុស្ដិ៍នគរបាល ឃ្មួញ បានឲ្យដឹងថា៖ ជនសង្ស័យខាងលេីមាន ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ចយ សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់រថយន្តអូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ក្នុងរបាយការណ៍របស់លោកនាយប៉ុស្តិ៍បានបន្តថា កាលពីថ្ងៃទី១៧-១១-២០២០ វេលាម៉ោង៥ និង៥០នាទី ជនសង្ស័យបានដើរមកចំណុចកើតហេតុខាងលើហើយបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-3867 រួចហើយគេចខ្លួនបាត់ទៅ។ ក្រោយពីទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី
