ឯកឧត្តម វេង សាខុន ចុះពិនិត្យមើលវឌ្ឍនៈការដំាដុះដំណាំឫស្សីផ្អែម និងជួបសំណេះសំណាល ជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារ ដែលសហគមន៍បាននឹងកំពុងជួបប្រទះ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។ ក្រោយពីពិនិត្យកាងារដំាដុះឫស្សីរួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះ ពីព្រោះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើមទំពាំង និងកូនទៀតផង បើយើងដាំបានផលឫស្សីនេះ នឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និងអនុផលព្រៃឈើទាំងស្រុងនោះទេ។

តមកឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ផាន់ ចាន់ធុល គណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញមកជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បាននឹងកំពុងជួបប្រទះ។ ពិធីនេះបានរៀបចំនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ឯកឧត្តម ផាន់ ចាន់ធុល បានអានរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការងារកសិកម្ម ជាពិសេសកសិផលជាច្រើនប្រភេទដែលខេត្តប៉ៃលិន មានលទ្ធភាពផលិតបានក្នុងនោះមាន ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃដីសរុប ៦៩ ២៤៦ហត។

ទាក់ទងនឹងប្រធានបទខាងលើ ឯកឧត្តមអភិបាល ខេត្ត បានរំលេចពីបញ្ហានៃការនាំចេញ  កសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃ មានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ឯកឧត្តមអភិបាលបានលើកឡើងថាបច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះទាមទារការវិនិយោគ ដើម្បីជួយជំរុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។

ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីក ចម្រើនគួរជាទីមោទន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិនថាក្រសួងដែល  មានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារ ជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។

ថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថា ករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាល ពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។

ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនសមាជិកសហគមន៍មៀនប៉ៃលិនដោយសង្ខេបអំពីការងារបច្ចេកទេសរួមមានការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្មសម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យឯកឧត្តម ងិន ឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញបច្ចេកទេស នៅបន្តពន្យល់ និងបកស្រាយការងារបច្ចេកទេសទាក់ទងនឹងលក្ខខណ្ឌតម្រូវការដើម្បីនាំចេញកសិផលជាទូទៅ និងដោយឡែកផលិតផលមៀនប៉ៃលិននេះ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា នៅឆ្នាំ២០១៩ នៅទូទាំងប្រទេសផ្ទៃដីដាំមៀនប៉ៃលិនមានចំនួន ៨ ៩២៥ ហត និងទិន្នផលទទួលបាន ៨ ៩ ២៥៧ ហត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner