បើមិនចង់ឱ្យសម្រេចចិត្តខុសពេញមួយជីវិត សូមកុំប្រើបុរេវិនិច្ឆ័យក្នុងបណ្តាញសង្គម

អត្ថបទដោយ៖
ហេង សុវណ្ណ

បុរេវិនិច្ឆ័យ (prejudgment) មានន័យថាជាការវិនិច្ឆ័យដោយមិនបានឆ្លងកាត់ការគិតពីចារណាស៊ីជម្រៅ។ វាត្រូវបានគេឃើញមានកាន់តែច្រើនឡើងៗក្នុងជីវិតរស់នៅប្រចាំថ្ងៃលើបណ្តាញសង្គម។

យោងតាមការបញ្ជាក់ក្នុងអត្ថបទស្រាវជ្រាវរបស់បណ្ឌិត Patrick Dixon ដែលជាអ្នកជំនាញយុទ្ធសាស្ត្រ និងការព្យាករណ៍បានឱ្យដឹងថា មនុស្សបច្ចុប្បន្នបានប្រើប្រាស់បុរេវិនិច្ឆ័យច្រើនក្នុងការរស់នៅ ដោយសារតែជីវិតរបស់ពួកគេស្ទើរតែពេញមួយថ្ងៃនៅជាមួយបណ្តាញសង្គម។ លោកបានបង្ហាញការស្រាវជ្រាវថា នៅឆ្នាំ 2019 ក្មេងចាប់ពីអាយុ 12ឆ្នាំ ដល់ 25ឆ្នាំនៅអង់គ្លេស ចំណាយពេលវេលា 4ម៉ោងក្នុងមួយថ្ងៃមើលបណ្តាញសង្គម ហើយឆែកអ៊ីនធើណិតរៀងរាល់ 9នាទីម្តង។ ចំណែកឯនៅហ្វីលីពីនប្រជាជនចំណាយពេលវេលា 10ម៉ោងក្នុងមួយថ្ងៃប្រើប្រាស់អ៊ីនធើណិត។ ទន្ទឹមគ្នានេះដែរ នៅថៃប្រជាជនចំណាយពេលវេលា 9ម៉ោង 11នាទី,នៅឥណ្ឌូនេស៊ីចំណាយពេល 8ម៉ោង 36នាទី, នៅចិនចំណាយពេលប្រហែល 5ម៉ោង 52នាទី និងនៅកម្ពុជាយើងចំណាយពេលប្រហែល 9ម៉ោងក្នុងមួយថ្ងៃនៅជាមួយអ៊ីនធើណិត។

កត្តានេះបានធ្វើឱ្យមនុស្សគ្រប់គ្នារវល់ខ្លាំងពេកជាមួយនឹងព័ត៌មានយ៉ាងច្រើនដែលចូលមកក្នុង News Feed របស់យើងរាល់ថ្ងៃ។ វាធ្វើឱ្យរយៈពេលនៃការមើលរឿងរ៉ាវនីមួយៗប្រចាំថ្ងៃកាន់តែខ្លីទៅៗ ហើយប៉ះពាល់ដល់ការគិតពិចារណា និងការបញ្ចេញមតិ។ ជានិច្ចកាល មនុស្សជាច្រើនបានបញ្ចេញការយល់ឃើញលើ Facebook ពាក់ព័ន្ធនឹងបទពិសោធន៍ ចំណេះដឹង និងការយល់ឃើញស្រាលៗ ដើម្បីប្រតិកម្មលើរឿងរ៉ាវភ្ញាក់ផ្អើលនានា ដោយមិនបានឆ្លងកាត់ការពិចារណាស៊ីជម្រៅឱ្យដឹងច្បាស់ពីមូលហេតុដែលអាចកើតមានឡើងឱ្យបានគ្រប់ជ្រុងជ្រោយ។ កត្តានេះ បានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ការពិចារណា និងការយល់ដឹងរបស់មនុស្សដទៃដែលកំពុងតែតាមដាន ឬវាអាចក្លាយជារឿងរ៉ាវហួសហេតុមួយចំពោះម្ចាស់ហេតុការណ៍ផ្ទាល់។

មានមនុស្សខ្លះបានប្រើពាក្យថា «បើមិនឃើញនឹងភ្នែក ខ្ញុំមិនជឿនោះទេ តែ….» បន្ទាប់មកក៏រៀបរាប់រឿងនោះ។ ស្ថិតក្នុងស្ថានភាពបែបនេះ មនុស្សដែលកំពុងស្តាប់ជាច្រើនអាចនឹងជឿស្លុង ហើយបើមានរូបភាពបង្ហាញថែមទៀតនោះគាត់កាន់តែជឿថាអ្វីដែលអ្នករៀបរាប់ខាងលើគិតគឺជារឿងត្រឹមត្រូវ។ ជាស្ថានភាពជាក់ស្តែង ខ្មែរយើងតែងអប់រំថា កុំជឿទាំងស្រុងលើអ្វីដែលគ្រាន់តែឃើញ ឬគ្រាន់តែឮដោយផ្ទាល់។ រឿងរ៉ាវនានាដែលយើងបានឃើញ វាមិនប្រាកដថាដូចអ្វីដែលយើងគិតនោះទេ។ វាអាចមានជ្រុងមួយចំនួនដែលយើងមើលមិនឃើញ ហើយវាក៏អាចមានផ្នែកខ្លះទៀតដែលស៊ីជម្រៅជាងការដែលមនុស្សជុំវិញបានឃើញ។

ជាឧទាហរណ៍ បើក្នុងសហគមន៍មួយដែលលោក «ក» ត្រូវបានគេស្គាល់ថា គាត់ឈ្លោះជាមួយលោក «ខ» រហូតដល់មានម្តងនោះលោក «ក» ស្ទើរតែត្រូវលោក «ខ» កាប់ត្រូវថែមទៀតផង ដោយសារតែតសម្តីដាក់គ្នាខ្លាំងពេក។ ថ្ងៃមួយគាត់ត្រូវបានគេថតវីដេអូដោយមានរូបភាពគាត់ពីរនាក់កូនយកដុំថ្មទៅវាយកញ្ចក់ឡានលោក «ខ» ដែលចតនៅកន្លែងស្ងាត់ ហើយថែមទាំងបញ្ចេះកូនឱ្យវាយឱ្យខ្លាំងថែមទៀតផង។

ភ្លាមៗគាត់នឹងត្រូវគេសន្និដ្ឋានភ្លាមថា គាត់ជាមនុស្សមានគំនិតអាក្រក់ លួចធ្វើបាបគេដើម្បីសងសឹក។

ស្ថានភាពបែបនេះ បើយើងមិនគិតឱ្យបានច្បាស់ និងមើលឱ្យស៊ីជម្រៅនោះទេ យើងអាចនឹងបង្កើតកំហុសភ្លាម ដោយសារតែបុរេវិនិច្ឆ័យរបស់យើង។ មូលហេតុដែលយើងយល់បែបនេះ អាចមកពីយើងធ្លាប់មានបទពិសោធន៍ឃើញថាមនុស្សចូលចិត្តសងសឹកគ្នាដោយវិធីមិនល្អ ឬមនុស្សឈ្លោះគ្នាតែងធ្វើអំពើមិនល្អដាក់គ្នាជាដើម។

ផ្ទុយមកវិញ បើយើងបន្តមើលហេតុការណ៍នោះទៅមុខទៀត យើងនឹងឃើញថា តាមពិតលោក «ក» ជាមនុស្សល្អ និងគួរឱ្យគោរព ព្រោះបើទោះបីជាគាត់ឈ្លោះគ្នាហើយមានពេលខ្លះស្ទើរតែក្លាយជាជនរងគ្រោះដោយសារអំពើហិង្សាពីសត្រូវរបស់គាត់ក៏ដោយ ក៏គាត់នៅតែជួយលោក «ខ» ពេលគាត់ខ្យល់គរក្នុងឡានដែរ។

ហេតុនេះសាធារណជនគួរ ចំណាយពេលឱ្យយូរបន្តិចមុននឹងប្រតិកម្ម ឬបញ្ចេញមតិលើបណ្តាញសង្គម។ ដើម្បីកុំឱ្យស្តាយក្រោយ គួរកុំជឿលើភ្នែក និងត្រចៀកខ្លាំងពេក តែគួរពិចារណាឱ្យបានល្អិតល្អន់ និងស៊ីជម្រៅជាមុនសិនមុននឹងធ្វើអ្វីមួយ។ បើយើងធ្វើបាន បណ្តាញសង្គមអាចនឹងក្លាយជាតំបន់ល្អជាងនេះ៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner