“បើមិនបានរៀនហើយមិនចេះជារឿងធម្មតា តែបើរៀនហើយនៅតែមិនចេះទើបជាបញ្ហា”
ភ្នំពេញ៖ ជាអតីតជ័យលាភីមេដាយមាសរូបវិទ្យា និងជាសិស្សនិទ្ទេសA ឆ្នាំ២០១៧កាលពីកន្លងទៅថ្មីៗនេះ លី សុខសេដ្ឋា បានចែករំលែកអំពីយុទ្ធសាស្រ្តនិងវីធីសាស្រ្តផ្សេងៗក្នុងការរៀនសូត្រ ជាពិសេសគឺមុនពេលប្រលង និងនៅក្នុងពេលប្រលង។ សិស្សឆ្នើមរូបនេះលើកឡើងថាទី1 ត្រូវគឺដឹងថាខ្លួនឯងចេះបានកម្រិតណា ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍខ្លួនបន្ថែម។
ជាក់ស្តែងនៅពេលដែលមានសំនួរផ្សេងៗមិនថា លំបាកឬស្រួលគឺយើងត្រូវប្រាកដថាយើងអាចឆ្លើយបាន បើឆ្លើយមិនទាន់បាននោះជាបញ្ហានិងជាចំនុចខ្សោយរបស់យើង ហើយយើងគិតរកវិធីយ៉ាងណាដើម្បីយល់ត្រង់ចំនុចខ្វះខាតនោះចៀសវាងធ្វើអោយបញ្ហាមានកាន់តែច្រើន និងមួយវិញទៀតគឺការប្រើប្រាស់ពេលវេលាក៍ជាកត្តាសំខាន់ផងដែរ សេដ្ឋាបន្តថាការប្រើប្រាស់ពេលវេលាគឺអាស្រ័យទៅតាមការបត់បែននិងបុគ្គលិកលក្ខណៈមនុស្សខុសៗគ្នា ចំពោះខ្ញុំផ្ទាល់មុនចូលគេងគឺទន្ទេញមេរៀនពេលយប់ ហើយព្យាយាមរំលឹកឡើងវិញនៅពេលព្រឹក និងធ្វើលំហាត់ផ្សេងៗនៅពេលបន្ទាប់ហើយចេះប្រៀបធៀបខ្លួនឯងទៅនឹងខ្លួនឯងគឺបានន័យថាសួរខ្លួនឯងថាតើថ្ងៃនេះចេះអ្វីខ្លះ ហើយប្រាប់ខ្លួនស្អែកត្រូវតែចេះអ្វីថ្មីមួយទៀត។ ការធ្វើបែបនេះគឺជាវិធីមួយសម្រាប់អោយខ្លួនឯងចេះប្រកួតជាមួយខ្លួនឯងយកឈ្នះខ្លួនឯងមុននឹងប្រកួតប្រជែងជាមួយអ្នកដ៍ទៃអោយមានប្រសិទ្ធិភាព។
ដោយឡែកមុនពេលប្រលងវិញចំនុចដែលសំខាន់គឺត្រូវត្រៀមខ្លួនទុកជាមុន គឺចេះលៃពេលណាមួយសម្រាប់រំលឹកឡើងវិញនូវលំហាត់និងមេរៀនដែលយើងត្រៀមទុក។ រីឯស្ថានភាពក្នុងពេលប្រលង មិនថាទោះជាមានរឿងអីកើតឡើងកុំមានភាពភ័យខ្លាច ប្រសិនបើមានសំនួរណាមួយត្រូវបានសួរទាក់ទងនឹងមេរៀនដែលមិនធ្លាប់បានរៀនហើយយើងមិនចេះ នោះមិនមែនជាកំហុសយើងទេ តែបើអ្វីដែលគេសួរហើយយើងធ្លាប់បានរៀនតែមិនចេះ នោះជាភាពធ្វេសប្រហែសរបស់យើង។ តែទោះជាយ៉ាងណាក៍ដោយព្យាយាមហើយជឿជាក់លើសមត្ថភាពខ្លួនឯងរីករាយទទួលយកទោះបីលទ្ធផលល្អឬមិនល្អក៍ដោយ។
គូសបញ្ជាក់ផងដែរថាសម័យប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧សិស្សដែលទទួលបាននិទ្ទេសA មានចំនួនសរុប ៤២៤រូប៕