ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន 3 នឹងចូលរួមកម្លាំងប្រយុទ្ធនឹងព័ត៌មានមិនពិតអំពីកូវីដ19

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើលោកចំនួន 3 បានសន្យាក្នុងការចូលរួមជាមួយនឹងក្រុមការងារត្រួតពិនិត្យរបស់ឯកជន រដ្ឋាភិបាល ព្រមទាំងក្រុមស្រាវជ្រាវផង ដើម្បីអាចធ្វើការស្វែងរកវិធីក្នុងទប់ស្កាត់ទៅលើព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាកូវីដ19 ឲ្យកាន់តែមានប្រសិទ្ធភាព។

គិតមកដល់ពេលនេះព័ត៌មានមិនពិតអំពីបញ្ហាកូវីដ19 បានកំពុងតែវាយលុកយ៉ាងខ្លាំងទៅលើបណ្តាញសង្គម Facebook, Twitter ព្រមទាំង YouTube ផងដែរ ខណៈដែលពេលជាមួយគ្នានេះបណ្តាប្រទេសជាច្រើនលើលោកកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើការងារដើម្បីអាចបញ្ចប់ទៅនៃការរាតត្បាតរបស់វិរុសនេះ។

រូបភាព ៖ ការធ្វើតេស្តប្រសិទ្ធភាព វ៉ាក់សាំង កូវីដ19

ប្រភពដដែលបានសរសេរទៀតថា ក្រៅតែពី Facebook, Twitter និង YouTube ហើយនោះ ក្នុងកិច្ចខំប្រឹងប្រែងនេះក៏មានការចូលរួមពីសំណាក់អង្គភាពសំខាន់ៗផ្សេងទៀតផងដែរ ដូចជាក្រសួងទទួលបន្ទុកកិច្ចការងារឌីជីថលវប្បធន៍ និងសារព័ត៌មានរបស់អង់គ្លេស វិទ្យាសា្ថនអ្នកកាសែតរបស់រ៉យទ័រ ក្រុមការងារស្រាវជ្រាវរបស់អាហ្វ្រិក ការិយាល័យក្រុមប្រឹក្សាឯកជនភាពរបស់កាណាដា និងអង្គភាពដើម្បីត្រួតពិនិត្យការពិតអន្តរជាតិចំនួន 5 ទៀត។

គួរឲ្យដឹងដែរថាថវិកាជំនួយរបស់ក្រុមហ៊ុន Facebook គឺនឹងត្រូវប្រើប្រាស់ដំបូងគេទៅលើកិច្ចការងារសំខាន់មួយនៅដើមខែមករាគឺការរៀបចំស្តង់ដានៃការត្រួតពិនិត្យព័ត៌មានក្លែងក្លាយព្រមទាំងវិធីនៃការឆ្លើយតបទៅនឹងព័ត៌មានបែបនេះផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner