ស្ករត្នោតសរីរាង្គ ខេត្តកំពង់ស្ពឺ កំពុងតម្រូវការខ្ពស់ និងឈ្មោះនៅលើទីផ្សារអន្តរជាតិ
តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺក្រោមស្លាកសមាគម បាន និងកំពុងមានតម្រូវការខ្ពស់នៅក្នុងស្រុក ជាពិសេសថែមទាំងអាចទទួលបានចំណែកទីផ្សារថ្មីបន្ថែមទៀតនៅប្រទេសឥណ្ឌា។
លោក សំ សារឿន ប្រធានសមាគមបានឱ្យដឹងថា បរិមាណស្ករត្នោត ដែលនឹងត្រូវនាំចេញក្នុងរដូវកាលខាងមុខ នឹងមានកំណើនខ្ពស់ព្រោះសមាគមរកបានទីផ្សារថ្មី នៅក្នុងប្រទេសឥណ្ឌា ដែលទើបដាក់បញ្ជាទិញក្នុងបរិមាណរហូតដល់ 1000 តោន។
លោកបានបញ្ជាក់ថា “សព្វថ្ងៃនេះ យើងមាន 170 គ្រួសារដែលជាសមាជិកសមាគម បានជួយលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺយ៉ាងល្អ ដែលយ៉ាងហោចណាស់អាចផលិតស្ករត្នោតបានប្រហែល 350 តោនក្នុងមួយរដូវ ដោយចាប់ផ្តើមពីខែធ្នូ ដល់ខែឧសភា ហើយចំនួនពាក់កណ្តាលនៃស្ករដែលផលិតបានគឺត្រូវបានសមាគមធ្វើការនាំចេញ។ ស្ករត្នោតខ្មែរទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដូចជាអង់គ្លេស អាឡឺម៉ង់ អេស្បាញ និងដោយឡែកបារាំងបាននាំចូលស្ករស20 តោនជារៀងរាល់ឆ្នាំពីសមាគម”។

ទោះជាយ៉ាងណាក៏ដោយ លោក សំ សារឿន បានមើលឃើញថា ចំនួនស្ករដែលសមាគមផលិតបានក្នុងមួយឆ្នាំៗនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុកបាននៅឡើយទេ ពោលគឺតម្រូវការក្នុងស្រុកត្រូវការស្ករយ៉ាងហោចណាស់ក៏ជាង100 ទៅ 200តោនក្នុងមួយឆ្នាំៗ។ ចំណែកឯការនាំចេញទៅក្រៅប្រទេសវិញនៅមិនទាន់អាចបំពេញតាមតម្រូវការបានពេញលេញនៅឡើយដែរ។
សមាគមបានលក់ស្ករត្នោតទៅកាន់ក្រុមហ៊ុនកែច្នៃ និងនាំចេញក្នុងតម្លៃប្រហែល 1325 ដុល្លារក្នុងមួយតោន ហើយស្ករទាំងនោះ ត្រូវបានប្រមូល និងកែច្នៃនៅស្រុកចំនួន3 គឺស្រុកឧដុង្គ ស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលក្នុងខេត្តកណ្តាល។
ក្រុមហ៊ុនកែច្នៃ និងនាំចេញស្ករត្នោតកំពង់ស្ពឺ ដែលផលិតនៅស្រុកចំនួន3 នេះ ត្រូវបានចុះបញ្ជីជាផលិតផលការពារដោយសហគមន៍អ៊ឺរ៉ុបកាលពីខែមេសាឆ្នាំ 2019 ។ ស្ករត្នោតជាផលិតផលកម្ពុជាទី2 ដែលទទួលបានវិញ្ញាបនបត្រ GI បន្ទាប់ពីម្រេចកំពតបានចុះបញ្ជីកាលពីខែកុម្ភៈឆ្នាំ2016 ហើយនៅខែតុលាឆ្នាំ 2017 ប្រទេសកម្ពុជាបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះ “ស្ករត្នោតកំពង់ស្ពឺ” ជា PGI នៅក្នុងលិខិតជាផ្លូវការនៃសហភាពអឺរ៉ុប។បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រ GI តម្លៃស្ករត្នោតក៏បានកើនឡើង 3 ដងពី 2000-2500 រៀល-ដល់ 6000-7000 រៀលក្នុង1 គីឡូក្រាម។
សូមជម្រាបថា បរិមាណស្ករត្នោតដែលសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានផលិតបាននៅក្នុងឆ្នាំនេះមានចំនួនប្រមាណជា350តោន ដែលក្នុងនោះ 250តោនត្រូវបាននាំចេញទៅក្រៅប្រទេស និង 100 តោនផ្សេងទៀតសម្រាប់បំពេញតម្រូវការក្នុងស្រុក។
បច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុកចំនួន10 ដែលបានចុះបញ្ជីជាសមាជិករបស់សមាគម ក្នុងការនាំយកផលិតផលស្ករត្នោតកំពង់ស្ពឺនេះ ត្រូវបាននាំចេញទៅកាន់25 ប្រទេសនៅអាស៊ីរួមមានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបដែលបានបន្ថែមថាស្លាកសញ្ញា PGI នឹងជួយការពារផលិតផលប្រឆាំងនឹងផលិតផលក្លែងក្លាយ៕