ក្រោយឈ្នះ Eibar ៣-១ Ramos និយាយថា Real Madrid នឹងលើកពាន La Liga
ខ្សែការពារ Sergio Ramos បាននិយាយបន្ទាប់ពីក្រុម Real Madrid ទទួលជ័យជម្នះក្នុងជំនួបបើកឆាក ក្រោយវិលត្រឡប់ការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យថា៖ “ខ្ញុំសប្បាយចិត្តជាមួយនឹង ៣ ពិន្ទុ ហើយចាប់ផ្តើមលេងម្តងទៀត។ យើងមានវគ្គផ្តាច់ព្រ័ត្រ ១០ ទៀត ហើយយើងនឹងផ្តល់អ្វីគ្រប់យ៉ាងដែលយើងមាន សម្រាប់ឈ្នះពានរង្វាន់ La Liga ។
ខ្សែការពារចាស់វស្សារូបនេះបន្តថា៖ “ខ្ញុំគិតថា យើងធ្វើបានល្អ យើងបានធ្វើការយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដើម្បីត្រឡប់មកវិញ និងរក្សាទម្រង់លេងដែលប្រហែលជាយើងបានបាត់បង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យើងត្រឡប់មកវិញហើយលេងតាមរបៀបដែលល្អបំផុត មានរឿងជាច្រើនដែលយើងអាចកែលំអបាន ប៉ុន្តែរាងកាយយើងល្អ”។
សូមបញ្ជាក់ថា ខ្សែការពារ Sergio Ramos ក៏ស្ថិតក្នុងចំណោមអ្នករកគ្រាប់បាល់ជ័យជម្នះ ខណៈម៉ាឌ្រីដបានយកឈ្នះក្រុម Eibar ក្នុងលទ្ធផល ៣-១ នៅឯកីឡដ្ឋាន Alfredo Di Stefano តាមពីក្រោយ ២ ពិន្ទុក្រុមកំពូលតារាង Barca ដែលបានឈ្នះ ៤-០ លើក្រុម Real Mallorca កាលពីយប់ថ្ងៃសៅរ៍៕


