ឯកឧត្តមនេត្រភក្ត្រា៖ពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាស

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ឯកឧត្តម នេត្រភក្ត្រា មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងដោយ

អំពាវនាវឱ្យប្រជាពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាស,ជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាបដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបល្អប្រសើរ,ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាបត្រូវបានការពារមិនបំពុលដោយមីក្រូប្លាស្ទិកដែលកើតពីការរលាយសារធាតុប្លាស្ទិកក្នុងទឹក ហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប។

ថ្លែងនាឱកាសចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០  ក្រោមប្រធានបទ អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ ដែលបានប្រារព្ធធ្វើឡើងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅថ្ងៃទី២២ខែវិច្ឆិកានេះឯកឧត្តម នេត្រភក្ត្រាបានឱ្យដឹងថា  បឹងទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិកទាំងសហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។

          ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនាពេលនេះដើម្បីបំផុសចលនាឱ្យពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាបទទួលរងនូវការបំពុលដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។ ការអប់រំនិងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើ ជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថានភាពគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២០នេះគឺបរិមាណបង្កើតសំណល់ប្រមាណ ៥០៦តោនក្នុងមួយថ្ងៃ ហើយបរិមាណកែច្នៃឡើវិញមានប្រមាណ ១០៣ តោនក្នុងមួយថ្ងៃ (អាជីវករប្រមូលទិញអេតចាយ មានចំនួន៤៩ទីតាំង) បរិមាណសំណល់ប្រមូលយកទៅដាក់ទីលានចាក់សំរាមប្រមាណ ២៤១តោនក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ដែលបោះចោលដោយខុសច្បាប់ប្រមាណ ១៦២តោនក្នុងមួយថ្ងៃ ដែលបាន ដុតចោល បោះចោលតាមដងផ្លូវ និងប្រឡាយសាធារណៈ។

 ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានឱ្យដឹងបន្ថែមថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥ភាគរយ ជាសំណល់សិររីរាង្គ ប្រមាណ ២០ភាគរយ ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។ កម្ពុជាមិនទាន់មានតួលេខថាក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជ ធានីភ្នំពេញក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង ១០ លានថង់ត្រូវបានប្រើប្រាស់។ នៅលើពិភពលោក ក្នុង មួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី ៤០០ ទៅ៦០០ លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិក មក សំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ ៩,៣ ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០ លានតោនក្នុងមួយឆ្នាំ។ ប្រសិនបើមិនមានវិធានការតឹងរឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកលើទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់ ៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ដែរថា បើតាមរបាយការណ៍ កាលពីឆ្នាំ២០១៩ កន្លងទៅសំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០ តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ប្រមាណជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។

លើកឡើងក្នុងពិធីនេះដែរ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិ ទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថានបានឱ្យដឹងថា ការប្រារព្ធទិវានេះឡើង គឺផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ។ កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិកប៉ុណ្ណោះ។ ប្លាស្ទិក គឺជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner