បុរសម្នាក់ស្លាប់ក្នុងផ្ទះ ផ្ទុះអាវុធមួយគ្រាប់ចំសៀតផ្កា ជាការធ្វើអត្តឃាត
ភ្នំពេញ ៖ មានករណីផ្ទុះអាវុធបណ្តាលឱ្យបុរសអាយុ២៩ឆ្នាំម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩២៨ នៅខាងក្រោយផ្សារដើមអម្ពិល ភូមិប៉ាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទើបមកពីប្រទេសកូរ៉េបាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េបានចំនួនប្រហែលជា៥ខែប៉ុណ្ណោះ ដោយមកនៅជាមួយពូរបស់គាត់ដែលជាម្ចាស់ផ្ទះកើតហេតុ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែជនរងគ្រោះត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំសៀតផ្កា។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗតែម្តង។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ករណីខាងលើជាអំពើធ្វើអត្តឃាត នេះបើតាមក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសលវិច្ឆ័យលើសាកសព ។ ចំពោះដើមហេតុ ឈានដល់ធ្វើអត្តឃាតនេះក៏មិនទាន់បញ្ជាក់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងជាប់រវល់បន្តស្រាវជ្រាវ និងសាកសួរសាក្សីអ្នកជិតខាងសាច់ញាតិសិន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាកសពតម្កល់នៅផ្ទះកើតហេតុខាងលើ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផ្នែកកម្រិតធ្ងន់ និងក្រុមគ្រូពេទ្យធ្វើកោសលវិច្ច័យ និងបន្ករកអោយឃើញពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។





